អាជ្ញាធររាជធានី ប្រគល់អំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោតជាង២ពាន់គ្រួសារ នៅក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលបានប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារ នៅក្នុងសង្កាត់ចំនួន៤នៃខណ្ឌដង្កោ ដែលទទួលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត នាប៉ុន្មានថ្ងៃជាប់គ្នានេះ។
អំណោយទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្រាប់ព្រឹកថ្ងៃទី ១៥ខែតុលានេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចំនួនជាង៤១៨គ្រួសារនៅសង្កាត់សាក់សំពៅ និងប្រជាពលរដ្ឋ ៣សង្កាត់ទៀត អាជ្ញាធររាជធានីភ្នំពេញនឹងបន្តចែកជូននៅរសៀលថ្ងៃដដែលនេះផងដែរ។
លោកឃួង ស្រេងបានមានប្រសាសន៍ឲ្យដឹងថាសម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ។ ជាក់ស្តែង នៅក្នុងអំឡុងពេលនេះខណៈដែលប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តក្រុងមួយចំនួន សម្ដេចបានយកចិត្តទុកដាក់ ដោយបានប្រគល់អំណោយជាបន្តបន្ទាប់ជាមួយនឹងការជម្រុញអោយជួយសង្គ្រោះប្រជាពលរដ្ឋចេញពីតំបន់ដែលងាយនឹងរងគ្រោះ។
លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលសម្តេចតេជោ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៤សង្កាត់នេះរួមមាន សង្កាត់សាក់សំពៅចំនួន៤១៨ គ្រួសារ សង្កាត់រលួសចំនួន ៣២៩គ្រួសារ សង្កាត់គងនយចំនួន៥០០ គ្រួសារសង្កាត់ទៀនចំនួន ១៤២ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតបានធ្វើឱ្យប្រជាពលរដ្ឋនៅខណ្ឌដង្កោទទួលរងគ្រោះចំនួនពីរបីថ្ងៃមកហើយ ហើយក្នុងខណៈនោះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយរាល់ទង្វល់នឹងបញ្ហារបស់ពួកគាត់ ពិសេស ការជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ជាមួយនិងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគផងដែរ៕