សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅកាន់តំបន់ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបង្ហាញវត្តមាននៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។
សូមបញ្ជាក់ថា លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បានប្រគល់អំណោយជូនប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារ នៅក្នុងសង្កាត់ចំនួន៤នៃខណ្ឌដង្កោ ដែលទទួលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត នាប៉ុន្មានថ្ងៃជាប់គ្នានេះ។ អំណោយទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្រាប់ព្រឹកថ្ងៃទី ១៥ខែតុលានេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋចំនួនជាង៤១៨គ្រួសារនៅសង្កាត់សាក់សំពៅ និងប្រជាពលរដ្ឋ ៣សង្កាត់ទៀត អាជ្ញាធររាជធានីភ្នំពេញនឹងបន្តចែកជូននៅរសៀលថ្ងៃដដែលនេះផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍ឲ្យដឹងថា សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ។ ជាក់ស្តែង នៅក្នុងអំឡុងពេលនេះខណៈដែលប្រជាពលរដ្ឋកំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តក្រុងមួយចំនួន សម្ដេចបានយកចិត្តទុកដាក់ ដោយបានប្រគល់អំណោយជាបន្តបន្ទាប់ ជាមួយនឹងការជម្រុញអោយជួយសង្គ្រោះប្រជាពលរដ្ឋ ចេញពីតំបន់ដែលងាយនឹងរងគ្រោះ។
លោកឃួង ស្រេង បានបញ្ជាក់ថា អំណោយដែលសម្តេចតេជោ ប្រគល់ជូនប្រជាពលរដ្ឋទាំង ៤សង្កាត់នេះរួមមាន សង្កាត់សាក់សំពៅចំនួន៤១៨ គ្រួសារ សង្កាត់រលួសចំនួន ៣២៩គ្រួសារ សង្កាត់គងនយចំនួន៥០០ គ្រួសារសង្កាត់ទៀនចំនួន ១៤២ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត បានធ្វើឱ្យប្រជាពលរដ្ឋនៅខណ្ឌដង្កោ ទទួលរងគ្រោះចំនួនពីរបីថ្ងៃមកហើយ ហើយក្នុងខណៈនោះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយរាល់ទង្វល់នឹងបញ្ហារបស់ពួកគាត់ ពិសេស ការជម្លៀសប្រជាពលរដ្ឋ ដែលរងគ្រោះនិងប្រជាពលរដ្ឋ ដែលងាយនឹងរងគ្រោះមកកាន់ទីទួលសុវត្ថិភាព ជាមួយនិងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគផងដែរ៕