ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៥កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្រកទម្ងន់ Natural Seed DD Slim គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៥កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្រកទម្ងន់ Natural Seed DD Slim គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១. Do Do Collection, ២. American DD Brand, ៣.DD Slimថ្នាំសម្រក, ៤. DD Slimឯកទេសសម្រកទម្ងន់, ៥ . Romduol Slim Online កំពុងផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Natural Seed DD Sim គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ គិតត្រឹមទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសូមជម្រាបថា តាមការពិនិត្យគុណភាពផលិតផលសម្រកទម្ងន់កន្លងមកបាន ពិនិត្យឃើញថាផលិតផលសម្រកទម្ងន់ ដែលមានសកម្មភាពសម្រកបានលឿន ជាទូទៅមានលួចដាក់សារធាតុ
Sbutreamine ដែលជាសារធាតុហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនេះធ្វើឱ្យប៉ះ ពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជាធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនិងហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់ សរសៃឈាម។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផល Natural Seed DD Slim ជាបន្តទៀតឱសថព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដូចនេះមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងអស់ ខាងលើ និងគណនីផ្សេងៗទៀត ដែលផ្សព្វផ្សាយលក់ផលិតផលនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕