ខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី”
សៀមរាប៖ សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” បានរៀបចំប្រារព្វនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត និងក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក ។
ឯកឧត្តម ទៀ សីហា បានលើកឡើង អំពីស្ថានភាពនៃដំណើរការអភិវឌ្ឍលើគ្រប់វិស័យ និងដោយឡែកវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។
លោកស្រីClaire Conan បានថ្លែងថា នេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។
លោក Alexandre HUYNH បានថ្លែងថា ការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគ ជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត។
មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាកំពុងដំណើរការទិវានេះ ស្របពេលប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវានេះដែរ ក្នុងបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនសកម្មភាពជាសាកលសម្រាប់អ្នកផលិតស្បៀង ដែលដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិញ្ចឹមមនុស្សជាតិនៅទូទាំងពិភពលោក ព្រមជាមួយការធានាឲ្យបាននូវនិរន្តរភាពភពផែនដី។ ភ្ជាប់ទៅនឹងខ្លឹមសារនៃប្រធានបទនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដាកន្លងមកឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងឲ្យខិតខំជំរុញសកម្មភាពផលិតកម្មស្បៀងគ្រប់រូបភាព(ចិញ្ចឹមមាន់ ត្រី កង្កែប ដាំបន្លែ និងឈើហូបផ្លែ) ក្នុងឆន្ទ:ចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើនប្រាក់ ចំណូល ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របពេលដែលវិស័យមួយចំនួនកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ និងឈានជាជំហានៗឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍដោយចីរភាព និរន្តរភាពផលិតកម្មស្បៀង និងភពផែនដីដែលកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ដីហួសពីសមត្ថភាព ហើយជាក់ស្តែងដូចអ្វីដែលកម្ពុជាកំពុងប្រឈមនាពេលនេះគឺគ្រោះទឹកជំនន់ ដែលបង្កគ្រោះមហន្តរាយដល់ដំណាំស្រូវ ដំណាំផ្សេងៗទៀត និងសត្វ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានខិតខំតស៊ូយ៉ាងប្តូរផ្តាច់ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានដើម្បីការពារសុខភាព សុខុមាលភាព ធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ចដោយអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភជូនប្រជាជន និងការកាត់បន្ថយភាពក្រីក្រក្នុងខណ:យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា យើងកំពុងប្រឈមនឹងបញ្ហាពីរសំខាន់គឺជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលបញ្ហាទាំងពីរបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់ និងដោយប្រយោលលើផលិតកម្មស្បៀង។ ក្នុងកាល: ទេស:ដ៏លំបាកនេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះ ស្រាយបញ្ហាឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងត្រូវបន្តយុទ្ធនាជំរុញផលិត កម្មស្បៀង និងការរក្សានិរន្តរភាពភពផែនដីពី ព្រោះដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករនៅលើភពផែនដី រួមទាំងការបន្ធូរបន្ថយនូវវិបត្តិដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាសផងដែរ ដែលធ្វើឱ្យមនុស្សជាតិជាង២៥០លាននាក់បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ។ ពិតណាស់ថាការប្រារព្ធទិវានាពេលនេះគឺឆ្លើយតប ទៅនឹងកម្មវិធីសកម្មភាពជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីដែលត្រូវបានរាជរដ្ឋាភិបាលនុម័តកាលនាឆ្នាំ២០១៨ និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា “ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្
ភ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងរក្សាសុខុមាលភាពរបស់ប្រជាជន ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ”។
ដើម្បីអនុវត្តប្រធានបទខាងលើឲ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនក្នុងន័យរួមគឺចូលរួមសហការគ្នាផលិតស្បៀង ធានាអាហារូបត្ថម្ភ សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល បង្កើនផលិតភាពផលិតកម្មក្នុងស្រុក តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។ លើកកម្ពស់ការផ្សព្វផ្សាយបច្ចេកទេសនៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក រក្សាបាននូវភាតរបរិស្ថាន ធនធានធម្មជាតិ(ទឹក ដី ព្រៃ សត្វ និងដំណាំ) ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាន និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។
សូមបញ្ជាក់ថា មុនអញ្ជើញចូលកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត លោក Alexandre HUYNH តំណាងអង្គការស្បៀង និងកសិកម្មនៃសហ ប្រជាជាតិ លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានពហុដំណាំ(បន្លែ ផ្សិត ត្រី និងមាន់) របស់កសិករ ឈាវ ហុង ជាកសិករគំរូទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូត្រនិគម ដែលគាត់ទទួលបានការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងធាតុចូលសំខាន់ៗពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អង្គការ និងដៃគូអភិវឌ្ឍន៍នានា។
សូមជម្រាបជូនថា បច្ចុប្បន្នលោកឈាវ ហុង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក និងសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ទាំងបន្លែ ការចិញ្ចឹមមាន់ ត្រី និងស្រូវពូជ លើផ្ទៃដី ៥ហត ដោយអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបប្រើប្រាស់ពលកម្មក្នងស្រុក និងទទួលបានចំណូលយ៉ាងល្អប្រសើរ៕