ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនអាចនឹងចុះកិច្ចព្រមព្រៀង លក់បរិក្ខាយោធាឲ្យវៀតណាម ខណៈការព្រួយបារម្ភពីឥទ្ធិពលចិន កំពុងកើនឡើងជាលំដាប់

102

លោក Suga នឹងផ្ដើមបំពេញទស្សនកិច្ចរយៈពេល ០៤ថ្ងៃជាលើកដំបូងទៅក្រៅប្រទេស ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន ដោយចាប់ផ្តើមពីប្រទេសវៀតណាមមុនគេ និងបន្ទាប់មកទៀតគឺឥណ្ឌូណេស៊ី នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នៅក្នុងដំណើរទស្សនកិច្ចខាងមុខនេះ ក្រៅតែពីការពិភាក្សាបញ្ហាសេដ្ឋកិច្ច លោក Suga នឹងស្វះស្វែងបន្ថែមទៀត ទៅរកការពង្រឹងទំនាក់ទំនងសន្តិសុខ និងការពារជាតិជាមួយប្រទេសអាស៊ានទាំងពីរនេះ ហើយបើតាមសារព័ត៌មានជប៉ុន Nikkei លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏មានគម្រោងចុះកិច្ចព្រមព្រៀងមួយ ជាមួយទីក្រុងហាណូយ ដើម្បីអនុញ្ញាតឱ្យជប៉ុននាំចេញបរិក្ខាយោធា និងបច្ចេកវិទ្យាទៅកាន់វៀតណាមផងដែរ។

តែទន្ទឹមគ្នាលោក Suga ក៏ត្រូវបានគេរំពឹងដែរថា នឹងបន្តដើរតាមគោលនយោបាយការបរទេសមួយចំនួន របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នោះគឺនឹងមិនពាក្យសម្តីរិះគន់ប្រឆាំងនឹងចិនធ្ងន់ៗ ឬត្រង់ៗ ដូចដែលសហរដ្ឋអាមេរិកបានធ្វើនោះទេ ដ្បិតជប៉ុនចង់រក្សាឱ្យបាននូវតុល្យភាព នៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនផង និងទប់ស្កាត់ឥទ្ធិពលចិនផង ក្នុងនោះរួមទាំងជម្លោះដែនទឹកជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងកើតជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Suga Yoshihide ទៅកាន់ប្រទេសវៀតណាម និងឥណ្ឌូណេស៊ីបានកើតមានឡើង បន្ទាប់ពីលោកបានរៀបចំជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ព្រមទាំងសមភាគីឥណ្ឌា និងអូស្ត្រាលី ដើម្បីពិភាក្សាពីកង្វល់រួម នោះគឺការកើនឡើងនៃឥទ្ធិពលចិនក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានបំពេញទស្សនកិច្ចកាន់តំបន់អាស៊ីអាគ្នេយ៍ដែរ កាលពីប៉ុន្មានថ្ងៃមុននេះ៕

អត្ថបទដែលជាប់ទាក់ទង