ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង រំជួលហឫទ័យជាខ្លាំង ដោយទទួលបានដំណឹងអំពី បងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge នៅរសៀលថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នេះ បានឲ្យដឹងថា ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចរំជួលព្រះរាជហឫទ័យជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះ ដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ រហូតបណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ។
ព្រះរាជសាររបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា «ខ្ញុំមានសេចក្តីរំជួលហឫទ័យជាខ្លាំងដោយទទួលបានដំណឹងអំពី បងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ”។
“ខ្ញុំសូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ផ្សេងៗ។»
ព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ”៕