ជនបង្កដែលបើករថយន្ត បុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌបឹងកេង ធ្វើការឃាត់ខ្លួន
ភ្នំពេញ៖ចាប់បានហើយជនបង្កបើករថយន្តបុកគេហើយថយមកកិនបន្ថែមទាល់តែស្លាប់ ។ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលទទួលបន្ទុកចរាចរណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បុកហើយថយកិនបណ្ដាលឲ្យមនុស្សស្លាប់នោះគឺ កើតឡើងនៅ ចំណុចផ្លូវ ១៧៣ កែងផ្លូវ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង វេលាម៉ោង ២៣និង៣០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយរថយន្តបានបើកបុកម៉ូតូជនរងគ្រោះ ពីក្រោយ ។
ជនបង្កឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃព្រីងខាងត្បូងទី ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែនជ័យ ។ រថយន្ដជនបង្ក ម៉ាក Lexus NX 200 T ស្លាកលេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានឃាត់ខ្លួនជនបង្កនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ។ លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ បានបន្តថា ថ្ងៃស្អែកសមត្ថកិច្ចរបស់លោកនឹងបញ្ជូនសំណុំរឿងករណីនេះទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់ ។
តាមរយៈវីដេអូដែលបានចែកចាយលើបណ្ដាញសង្គម ហ្វេសប៊ុក ឃើញថា ជបង្កពិតជាមានចរិតឃោរឃៅព្រៃផ្សៃណាស់ បន្ទាប់ពីបុកជនរងគ្រោះពីក្រោយមិនស្លាប់ហើយជនបង្កបានបើកថយក្រោយកិនជនរងគ្រោះបន្ថែមរហូតដល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ បច្ចុប្បន្នជនរងគ្រោះកំពុងតម្កល់ធ្វើបុណ្យនៅវត្តសំរោងអណ្ដែត ។
មហាជនបានថ្កោលទោសចំពោះ ទង្វើព្រៃផ្សៃរបស់អ្នកបើកបរ យ៉ាន់ណា លីណា និងសូមឲ្យតុលាការផ្ដន្ទាទោសជនបង្កឲ្យបានធ្ងន់ធ្ងរ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទីយប់ នៅចំណុច ផ្លូវ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BH-8494 ជាមួយម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AI-3848 ។ រថយន្ត Lexus 200T បានបើកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជើងទៅត្បូង ដល់កន្លែងកើតបានបុកម៉ូតូពីក្រោយ រួចបើកថយកិនបន្ថែមទៀត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើរម៉ូតូ របួសធ្ងន់ ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លូនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ភាភីម៉ូតូជាជនរងគ្រោះបើកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ ) ។
សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក កំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕