សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង៥ ទទួលបានជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង ក្នុងរយៈពេល១៥០ថ្ងៃ
ភ្នំពេញ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា អបអរសាទរសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង៥ សៀមរាប កោះកុង កំពត បន្ទាយមានជ័យ និងត្បូងឃ្មុំ ដែលទទួលបានជោគជ័យនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ក្នុងរយៈពេល១៥០ថ្ងៃ។
លោកបានលើកឡើងបន្ថែមទៀតថា សូមថ្លែងអំណរគុណផងដែរដល់សមាជិកក្រុមការងារទី៤ទាំងអស់ រួមទាំងសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តទាំងពីរក្នុងចំណោមខេត្តចំនួន៥ ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុម៤ គឺកោះកុង និងកំពត ដែលបានខិតខំប្រឹងប្រែង និងចូលរួមសហការយ៉ាងសកម្ម សម្រេចបានជោគជ័យក្នុងរយៈពេល១៥០ថ្ងៃនេះ។
នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត និងបានធ្វើពិធីប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៥ ដែលមានសាលាដំបូងខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសូងយុត្តិធម៌ស្តីពីលទ្ធផល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត។ ជាលទ្ធផល សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ ទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង ២៧.៧០០ សំណុំរឿង ស្មើនឹង ៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១.០០០ សំណុំរឿង ស្មើនឹង ៨២% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ)។ បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី ចំនួនជាង ២០២០០ សំណុំរឿង ស្មើនឹង ៦១%។ ជាមួយនឹងលទ្ធផលនេះ គ.យ.ក.ស. ក៏បានប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការដល់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៥ រួមមាន ខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងការសម្តែងនូវអំណរសាទរចំពោះសាលាដំបូង និងអយ្យការអមសាលាដំបូងដែលត្រូវបានប្រកាសអំពី ជោគជ័យនៃការអនុវត្តយុទ្ធនាការ នាពេលនេះ គ.យ.ក.ស . ក៏សូមឆ្លៀតឱកាសនៃកិច្ចប្រជុំនេះ សម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃអង្គភាព រដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការជំរុញការអនុវត្តយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ ផងដែរ។ បន្ថែមពីនេះ គ.យ.ក.ស. មានក្តីរំពឹងទុកយ៉ាងមុតមាំថាសាលាដំបូងផ្សេងទៀតនឹងសម្រេចបាននូវសមិទ្ធផល ការងារ ដើម្បីឈានទៅរកការប្រកាសអំពីភាពជោគជ័យនៃការអនុវត្តយុទ្ធនាការនេះជាបន្តបន្ទាប់ ហើយក៏សង្ឃឹមផងដែរថោ តួអង្គពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត អាចសម្រេចលទ្ធផលបានតាមផែនការដែលបានគ្រោងទុក ដោយប្រកាន់ខ្ជាប់ នូវអភិក្រមការងារក្នុងយុទ្ធនាការតី “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»៕