មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងកូរ៉េកំណត់ បញ្ហាប្រឈមទំនប់សាលាតាអនស្ថិតក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការដោះស្រាយកែលម្អក្រោយពីមានជំនន់ទឹកភ្លៀង
បាត់ដំបង ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង Mr. Jong Il Jeon អនុប្រធានK – Exilbank ប្រចាំនៅកម្ពុជា បានកំណត់បញ្ហាប្រឈមទំនប់សាលាតាអនស្ថិតក្នុងខេត្តបាត់ដំបងដើម្បីធ្វើការដោះស្រាយកែលម្អក្រោយពីមានជំនន់ទឹកភ្លៀង។ នេះបើតាមផេកក្រសួងធនធានទឹក និងឧតុនិយម។
ការកំណត់បញ្ហាប្រឈមនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុប ( Wrap-Up Meeting)នៅថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅបន្ទប់ប្រជុំក្រសួងដោយមានសមាសភាពចូលរួមពី មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីអនុវត្តន៏គម្រោងក្រោមឱវាទក្រសួង មន្ត្រីបេសកកម្មរបស់ K- Eximbank ប្រចាំនៅកម្ពុជា ទីប្រឹក្សាបច្ចេសទេសកូរ៉េ ក្រុមហ៊ុន Yooshin និងក្រុមហ៊ុនសាងសង់កូរ៉េ SDAG នៃគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន (STDDP) ស្ថិតក្នុងខេត្តបាត់ដំបង ដើម្បីពិភាក្សាលើបញ្ហាមួយចំនួនបន្ទាប់ពីបានធ្វើការទស្សនៈកិច្ចនៅការដ្ឋានកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២០រួមមាន៖-កំណត់បញ្ហាប្រឈម និងសកម្មភាពសំខាន់ៗដើម្បីធ្វើការដោះស្រាយកែលម្អក្រោយពីមានជំនន់ទឹកភ្លៀងធ្វើឱ្យខូចខាតមុនគម្រោងបញ្ចប់ក្នុងឆ្នាំ២០២១។
ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានពិនិត្យ ធ្វើការកែសម្រួលលក្ខណៈបច្ចេទេស និងបំពេញបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមឱ្យស្របតាមស្ថានភាពជាក់ស្តែង និងសំណូមពររបស់មន្ទីរធនធានទឹកខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់គម្រោងដោយប្រើប្រាស់ថវិកាក្នុងកញ្ចប់បម្រុងដែលនៅសេសសល់។
គ្រប់ភាគីបានឯកភាពជំរុញទីប្រឹក្សាគម្រោងរៀបចំគំនូសប្លង់ និងការប៉ាន់ស្មានតម្លៃលើទំហំការងារបន្ថែមឱ្យបានលឿន និងសំណូមពរគណៈកម្មការ លទ្ធកម្មពិនិត្យនិងសម្រេច និងដាក់ជូន K-Eximbank ឯកភាពឱ្យបានមុនរដូវប្រាំងខាងមុខដើម្បីឱ្យគម្រោងបញ្ចប់ទៅតាមផែនការគ្រោងទុកក្នុងឆ្នាំ២០២១៕