ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល»

82

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី និងសេរីសោភណនៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុំ រាត្រី ក៏ដូចជាលោក ហ៊ុន ម៉ានី បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយក៏បានអញ្ជើញទៅកាន់ខ្នងផ្ទះប្រជាពលរដ្ឋផងដែរ។ ក្រៅតែពីការសាកសួរសុខទុក្ខលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកអំណោយជាស្បៀងអាហាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋរងការជន់លិច លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករលឹក និងការចូលរួមសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋរងគ្រោះទាំងអស់។

លោក គន់ គីម បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋរងការជន់លិចទាំងអ្នកជម្លៀសមកទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋកើតពីជំនន់ទឹកភ្លៀងនេះ។ លោកទេសរដ្ឋមន្ត្រីបន្តថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកនឹករលឹកដល់បងប្អូនជាប់ជានិច្ច ហើយលោកបានផ្តាំផ្ញើ និងណែនាំដាច់ណាត់ឱ្យពួកយើងខ្ញុំនេះ យកចិត្តទុកដាក់ចំពោះបងប្អូនធ្វើយ៉ាងណាមិនឱ្យបងប្អូនរងគ្រោះថ្នាក់ដល់អាយុជីវិតពីទឹកជំនន់នេះ»។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះទៀតថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ជាទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។ «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកតែងតែខ្វល់ខ្វាយជាប់ជានិច្ចពីទុក្ខលំបាករបស់បងប្អូន។ សេចក្តីទុក្ខលំបាករបស់បងប្អូន ក៏ជាទុក្ខលំបាករបស់សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាលយើងដែរ។ សម្តេចទាំងទ្វេ រួមនិងរាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន។ តែពេលនេះយើងត្រូវរួមគ្នារក្សាជីវិតឱ្យបានពីគ្រោះមហន្តរាយដ៏ធំធេងនាពេលនេះ»

ក្នុងដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងការជន់លិចនៅស្រុកមង្គលបុរី និងក្រុងសេរីសោភណនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់កម្លាំងសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងសោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ពួកគាត់។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់អាជ្ញាធរឱ្យចិត្តទុកដាក់បន្ថែមទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ត្រៀមថ្នាំសង្កូវ ដាក់ពង្រាយក្រុមគ្រូពេទ្យ និងណែនាំពួកគាត់ឱ្យយកចិត្តទុកដាក់ថែទាំងសុខភាពកុំឱ្យកើតជំងឺតម្កាត់ផ្សេងៗទៀត។

ជួសមុខសម្តេចតេជោនាយករដ្ឋមន្ត្រី, លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងកម្លាំងសង្គ្រោះទាំងអស់ ដែលបានចេញប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ និងជួយឱ្យផុតគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលរងការជន់លិចខ្លាំងក្លាផងដែរពីជំនន់ទឹកភ្លៀង។ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យមិនទាន់ថមថយនៅឡើយនោះទេ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ទឹកជំនន់បានធ្វើឱ្យប៉ះពាល់ឃុំ/សង្កាត់ ចំនួន៣៥ ក្នុងស្រុកចំនួន៩ ប៉ះពាល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង