ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ គ​.​ជ​.​ប​៖ ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ការិយាល័យ​ចុះឈ្មោះ​ទូទាំងប្រទេស ដំណើរការ​ធម្មតា បន្ទាប់ពី​មាន​ផ្អាក​ខ្លះ​ដោយសារ​ជំនន់​ទឹកភ្លៀង​

41

 

​ភ្នំពេញ​៖ លោក ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​ថា នៅថ្ងៃនេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ប្រចាំឆ្នាំ​២០២០ នៅ​គ្រប់​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ទាំង​១៦៤៦​ឃុំ​-​សង្កាត់​ទូទាំងប្រទេស បាន​ដំណើរ​ការធម្មតា បន្ទាប់ពី​មាន​ការិយាល័យ​មួយចំនួន ជួប​បញ្ហា​ដោយ​ជំនន់​ទឹកភ្លៀង​មក​នោះ​។​

 

​លោក ឌឹ​ម សុ​វណ្ណា​រុំ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ព្រឹក​នេះ នៅ​ខេត្តកណ្តាល ដំណើរការ​ចុះឈ្មោះ​ប្រព្រឹត្ត ទៅ​នៅ​គ្រប់កា​រិ​ល័យ​១២៧/១២៧ ដោយ​ការិយាល័យ​ដែល​បាន​ផ្អាក​ទាំង​៣ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​ដំណើរការ​ឡើងវិញ​ហើយ ក៏ដូចជា​នៅ​រាជធានី​ភ្នំពេញ​ផងដែរ ក៏​បើក​ដំណើការ ១០៥/១០៥ ការិយាល័យ​។ នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ការិយាល័យ​នៅ​១៦៤៦​ឃុំ​-​សង្កាត់ បាន​ដំណើរការ​»​។​

 

​បើតាម​អ្នកនាំពាក្យ គ​.​ជ​.​ប រូបនេះ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​អញ្ជើញ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប ២៥៧,៥៤៥​នាក់ ដែល​ស្មើនឹង ៨៥.៤% លើ​ចំនួន​ប៉ាន់ស្មាន​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី​ប្រចាំឆ្នាំ​ចំនួន ៣០០,៣៩០​នាក់​។​

 

​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​នេះ មាន​រយៈពេល​ត្រឹមតែ​១៩​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់ ១៩ ខែតុលា ឆ្នាំ​២០២០៕

 

អត្ថបទដែលជាប់ទាក់ទង