ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានរដ្ឋសភា​នៃ​សាធារណ​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ កម្ពុជា​ដើមខែ​វិច្ឆិកា​ខាងមុខនេះ​

41

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ បានទទួល​ជួប ឯកឧត្តម ប៉ាក់ ហ៊ឹង​ឃ្យុ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​រដ្ឋសភា​។​

​ក្នុងជំនួប​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន អំពី​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម Park Byeong-seug ប្រធានរដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ ក្នុង​គោលបំណង ពង្រឹង ពង្រីក និង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ខ្លាំងក្លា​ថែមទៀត និង​គ្រប់​ជ្រុងជ្រោយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​បញ្ជាក់ថា រដ្ឋសភា​កម្ពុជា​ត្រៀម​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ Park Byeong-seug យ៉ាង​កក់ក្តៅ​ជាទីបំផុត​។ សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​ដែល​បាន​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍ សម្រាប់​ប្រជាជន​ទាំងសងខាង​។
​សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​លើកឡើងថា សាធារណរដ្ឋ​កូរ៉េ​បាននិងកំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខាភិបាល កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​ជាដើម​។ ឆ្លៀតឱកាស​នោះ សម្តេច​ប្រធានរដ្ឋសភា បានស្នើ​សុំ ចំនួន​កូតា​ពលរដ្ឋ​ខែ្មរ​ទៅធ្វើ​ការងារ​នៅ​កូរ៉េ​បន្ថែមទៀត​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​ជម្រាប អំពី​វឌ្ឍនភាព​ថ្មី នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្នុងនោះ​ទំហំ​ពាណិជ្ជ​ម្ម​កម្ពុជា​-​កូរ៉េ​នៅ​ឆ្នាំ​២០១៩ បាន​កើន​ដល់​ជាង​១​ពាន់​លាន​ដុល្លារ ហើយ​ទុនវិនិយោគ​កូរ៉េ​នៅ​កម្ពុ​ជាមាន​ជាង​៥​ពាន់​លាន​ដុល្លារ ចំណែក​ពលរដ្ឋ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ប្រមាណ​៤​ម៉ឺន​នាក់​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា​បន្ថែមថា នៅ​ឆ្នាំ​ខាងមុខ កូរ៉េ​នឹងចូលរួម​យ៉ាងសកម្ម​ក្នុង​ការជួយ​ដោះមីន នៅ​ខេត្តបន្ទាយមានជ័យ និង​ប៉ៃលិន​៕​

អត្ថបទដែលជាប់ទាក់ទង