ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តឲ្យកសិករដាំដុះបន្លែសុវត្ថិភាពឡើងវិញក្រោយទឹកជំនន់, បើខ្វះទុនអាចស្នើសុំឥណទានការប្រាក់ត្រឹមតែ ០.៤២%ក្នុង១ខែ

47

លោកអគ្គនាយកបានសំដែង នូវសេចក្តីសោកស្តាយ ដែលផលដំណាំរបស់បងប្អូនត្រូវទទួលរងការបំផ្លាញ ដោយសារជំនន់ទឹកភ្លៀងក្នុងសប្តាហ៍កន្លងមកនេះ។

លោកបានលើកទឹកចិត្តឲ្យបងប្អូនសហគម ធ្វើការដាំដុះឡើងវិញ និងបង្កើនការដាំដុះ និងពង្រីកការដាំដុះ បន្ទាប់ពីទឹកស្រកទៅវិញ ដើម្បីធ្វើការប៉ះប៉ូវការខាត់បង់ និងផ្គត់ផ្គង់ទីផ្សារទាន់ពេលវេលា។

លោក កៅ ថាច បានចែករំលែកព័ត៌មានសេដ្ឋកិច្ច ព័ត៌មានវិស័យកសិកម្មក្នុងស្រុក និងបទពិសោធន៍នៃការធ្វើវិស័យកសិកម្ម ទទួលបានជោគជ័យរបស់នៅបរទេស ដើម្បីអោយបងប្អូនសហគមជ្រាបជាព័ត៌មាន និងមានកំលាំងចិត្តធ្វើការពង្រីកការដាំដុះ របស់ខ្លួនបន្ថែមទៀត។

លោកអគ្គនាយកបានលើកទឹកចិត្ត និងណែនាំដល់បងប្អូនសហគមធ្វើការដាំដុះបន្លែសុវត្ថិភាព ដោយមានផែនការច្បាស់លាស់ និងមានគោលដៅជាក់លាក់ ដើម្បីផ្គត់ផ្គង់ចូលទីផ្សារមាននិរន្តភាព និងមានតម្លៃ ហើយសូមជៀសវាងការដាំដុះបន្លែតាមគ្នា ដែលជាមូលហេតុធ្វើអោយរាល់ពេលប្រមូលផលតែងតែធ្លាក់ថ្លៃចុះ។ ជាមួយគ្នានេះ លោកស្នើសុំឲ្យបងប្អូនសហគមកែប្រែទម្លាប់ក្នុងការដាំដុះ មានភាពបត់បែន និងចេះស្វែងយល់ពីព័ត៌មានទីផ្សារពីផលិតផលកសិកម្ម។

លោក កៅ ថាច បានលើកទឹកចិត្តអោយបងប្អូនសហគម ធ្វើកសិកម្មក្នុងនាមសហគ្រិន គឺធ្វើជាពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ជីវភាព និងមានសុខមាភាព មិនមែនធ្វើកសិកម្មសម្រាប់តែប្រើប្រាស់ ហូបចុក ផ្ទាល់ខ្លួន គ្រួសារ និងមិនមានស្តង់ដារនោះទេ។

លោកបានស្នើសុំអោយបងប្អូនសហគមចុះកិច្ចសន្យាទិញលក់បន្លែសុវត្ថិភាព ជាមួយក្រុមហ៊ុនបន្លែសុវត្ថិខ្មែរ ដើម្បីធានាថា ការដាំដុះរបស់បងប្អូនសហគម មានទីផ្សារច្បាស់លាស់ និងធានាបានតំលៃតាមកិច្ចសន្យា។ ប៉ុន្តែលោកអគ្គនាយក បានស្នើសុំសូមបងប្អូនត្រូវពង្រឹងគុណភាពលើការដាំដុះ និងដោយគោរពបាននូវគុណភាព និងស្តង់ដារសុវត្ថិភាព។

ជាមួយគ្នានេះលោក កៅ ថាច បានធ្វើការផ្សព្វផ្សាយពីគោលការណ៍ឥណទាន ដោយអត្រាការប្រាក់ទាប០.៤២% ក្នុងមួយខែជូនដល់បងប្អូនសហគមដាំដុះបន្លែ និងលើកទឹកចិត្តអោយបងប្អូនសហគមទាក់ទង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីមានតម្រូវការឥណទាន។

លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ដែលបានសម្រួលទីតាំង ដើម្បីអោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើកម្មវិធីនៅថ្ងៃនេះ។ ទន្ទឹមនេះលោកបានចែកជូនអង្ករក្នុងម្នាក់ចំនួន១០ គីឡូក្រាម និងឧបត្ថម្ភថវិកាមួយចំនួនផងដែរ ក្នុងគ្រានៃជំនន់ទឹកភ្លៀងនាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង