ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វា​ព្រំដែន និង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម​

55

 

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​អំពី​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វា​ព្រំដែន និង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ​។​

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងមហាផ្ទៃ បាន​លើកឡើងថា កិច្ចប្រជុំ​នាពេលនេះ​គឺ​ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វារព្រំដែន និង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម​។

​ឯកឧត្តម​បន្តថា ការប្រជុំ​នេះ​តប​តាម​សំណើសុំ​ផ្តល់យោបល់ និង​ធាតុ​ចូល​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោយ​ភាគី​ក្រសួង​ការបទេស​វៀតណាម​ស្នើ​ភាគី​កម្ពុជា ផ្តល់យោបល់​លើ​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វា​ព្រំដែន និង​ការគ្រប់គ្រង​ច្រកទ្វា​ព្រំដែន​គោក​រវាង​កម្ពុជា និង​វៀតណាម​។​

​គួរ​រំលឹក​ដែរ​ថា ផ្អែក​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ស្តីពី​ច្រកទ្វារព្រំដែន​គោក​កម្ពុជា​-​វៀតណាម​កាលពី​ថ្ងៃទី​៨-៩ ខែមករា ឆ្នាំ​២០២០​នៅ​ទីក្រុង​ហាណូយ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្នើ​ក្រសួងមហាផ្ទៃ​ឱ្យ​ផ្តល់យោបល់ និង​ធាតុ​ចូល​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វារព្រំដែន​គោក និង​របប​គ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​រវាង កម្ពុជា​-​វៀតណាម​(Agreement on Land Border Checkpoints and Management Regime of Land border Checkpoints) ដែល​ភាគី​វៀតណាម​បាន​ព្រាង ហើយ​ផ្ញើរ​ទៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ក​ការ​អន្តរជាតិ​កម្ពុជា​ឱ្យ​ប្រមូល​ធាតុ​ចូល​នានា​ដើម្បី​បានឱ្យ​សព្វគ្រប់​ជ្រុងជ្រោយ​មុន​ដំណាច់​ខែតុលា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ច្រកទ្វា​ព្រំដែន និង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​រវាង​កម្ពុជា​-​វៀតណាម កិច្ចព្រមព្រៀង​នេះ​នឹង​ជំនួស​ខ្លឹមសារ​នានា​ពាក់ព័ន្ធ នឹង​ច្រកទ្វារ​និង​ការគ្រប់គ្រង​ច្រកទ្វារព្រំដែន​គោក​នៃ​កិច្ចប្រជុំ​ព្រមព្រៀង​ស្តីពី​លក្ខន្តិកៈ​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៨៣ ៕​

អត្ថបទដែលជាប់ទាក់ទង