ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពីថ្ងៃទី២១-២៧ ខែតុលា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ សូមពលរដ្ឋបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

120

ភ្នំពេញ៖កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ពីថ្ងៃទី២១-២៧ ខែតុលា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា យោងតាមស្ថានភាពបម្រែបម្រួលជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹងបន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្តអូសន្លាយកាត់ពីលើ។ ទន្ទឹមនោះនៅក្នុងមហាសមុទ្រ ស្ថិតនៅខាងកើតប្រទេសហ្វីលីពីន នឹងអាចមានការកកើតឡើងនូវព្យុះទី១៧ ឈ្មោះ សូដែល (Saudel) ដែលតាមរយៈការព្យាករជាលក្ខណៈតំបន់ បង្ហាញឲ្យឃើញថា ព្យុះនេះធ្វើដំណើរចូលភាគខាងជើងវៀតណាម ត្រង់ចំណុចខេត្តវិញ ក្នុងអំឡុងថ្ងៃទី២៥-២៦ ខែតុលា។ ព្យុះនេះអាចមានឥទ្ធិពលបន្តិចបន្ទួចប៉ុណ្ណោះ នៃភាគឦសាន្តប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ។ សីតុណ្ហភាពអតិបរិមា មានពី ២៩-៣១ អង្សាសេ។ នឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖​សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅមធ្យម។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី២៨-៣០ អង្សាសេ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ទន្ទឹមនោះ នៅថ្ងៃទី២៤-២៨ ខែតុលា ឆ្នាំ២០២០ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង