លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា លោកនឹងបើកកិច្ចប្រជុំគណរដ្ឋមន្ត្រី ដើម្បីស្នើសុំបើកសម័យប្រជុំសភាបន្ទាន់មួយ ក្នុងគោលដោះស្រាយវិបត្តិនយោបាយ ដែលបង្កើតឡើងដោយក្រុមបាតុករ
នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយវិបត្តនយោបាយ នៅក្នុងប្រទេសនេះ ខណៈដែលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងប្រឆាំងរបបរាជានិយមនៅក្នុងប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Bangkok Post ។
លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកនឹងបើកកិច្ចប្រជុំគណរដ្ឋមន្ត្រី នៅពេលដ៏ខ្លីខាងមុខ ដើម្បីស្នើសុំបើកសម័យប្រជុំសភាបន្ទាន់មួយ ក្នុងគោលដោះស្រាយវិបត្តិនយោបាយ ដែលបង្កើតឡើងដោយក្រុមបាតុករ គាំទ្រប្រជាធិបតេយ្យ ដែលភាគច្រើនជាក្រុមយុវជន និងជាចលនាបាតុកម្មកាន់តែរីកធំឡើង គួរឲ្យព្រួយបារម្ភ។
ក្នុងសេចក្តីប្រកាសនោះ លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងក្រុមយុវបាតុករផងដែរ ឲ្យគោរពច្បាប់ដាច់ខាត និងមិនត្រូវធ្វើសកម្មភាពណាមួយ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខរបស់ប្រទេសនេះនោះទេ។
សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មសឹងរាល់ថ្ងៃ អស់រយៈពេលជាង ៤ខែកន្លងមកហើយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល និងប្រឆាំងរបបរាជានិយម ទោះបីជាកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសនេះ បានចាប់ខ្លួនមេដឹកនាំចលនាគាំទ្រប្រជាធិបតេយ្យ ប្រមាណជាង ៦០នាក់ហើយក៏ដោយ៕