អភិបាលរាជធានីបន្តចែកអំណោយ ជូនប្រជាពលរដ្ឋ៣៨៥គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌកំបូល
ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៣៨៥គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៤ នៅក្នុងខណ្ឌកំបូលដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានទទួលអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។
ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសុវណ្ណអម្ពា ហៅវត្តស្វាយមាស ស្ថិតនៅក្នុងសង្កាត់ប្រទះឡាងខណ្ឌកំបូលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំ និង បញ្ជាពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺសម្តេចបានណែនាំនិងជម្រុញអោយកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះអោយបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល ។ អនុវត្តតាមបទបញ្ជានេះអាជ្ញាធរអីភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការអាហារ ហូបចុកគ្រប់គ្រាន់ផងដែរ ហើយការសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិត
ពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺយើងជួយទាំងអស់ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរ ថា ជាទិសដៅរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ម៉ាស៊ីនបូមទឹក នៅតាមបុរីនិងផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក្រោយពីបូមទឹកស្រកអស់ពីលំនៅដ្ឋានប្រជាពលរដ្ឋហើយ យើងនឹងណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសម្លាប់សត្វល្អិតផងដែរដើម្បីសុខមាលភាពប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមកទទួលអំណោយនេះ មានចំនួន៣៨៥គ្រួសារ មកពី ៤សង្កាត់ គឺសង្កាត់ប្រទះឡាង សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំនិងសង្កាត់កំបូល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹបបរិសុទ្ធ១កេស ទឹកត្រីទឹកស៊ីអ៊ីវ និងថវិកាចំនួន៥ម៉ឺនរៀល៕