អាជ្ញាធររាជធានី នឹងទប់ទំនប់ជុំវិញ បុរីត្រពាំងថ្លឹង១ ក្នុងសង្កាត់ចោមចៅ៣ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីអោយអស់ ជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគនិងសត្វល្អិត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹង ១ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីអោយអស់ ខណៈដែលបុរីនេះកំពុងតែទទួលរងការលិចលង់នៅឡើយ។ ក្រោយពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសម្លាប់មេរោគនិងសត្វល្អិតនៅក្នុងបុរីនេះផងដែរ ដើម្បីសុខមោលភាពប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនាល្ងាចថ្ងៃទី១៩តុលានេះ ខណៈដែលលោកដឹកនាំអាជ្ញាធរដែនដីនិងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ប្រឡាយបង្ហូរទឹកទួលពង្រ រហូតដល់បុរីត្រពាំងថ្លឹង១ ខាងលើ ដើម្បីរកគ្រប់មធ្យោបាយកុំអោយមានការលិចលង់ទៀត។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ មិនមែន មិនខ្វាយខ្វល់ មិនជួយបងប្អូនប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិសែនជ័យនោះទេ។ ដោយសារតែក្នុងរយៈប្រមាណជាមួយសប្តាហ៍នេះ អាជ្ញាធររាជធានីភ្នំពេញនិងកម្លាំងប្រដាប់អាវុធ បានប្រើកម្លាំងសរុបទាំងអស់ ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត ដោយនៅទីនោះអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រជាពលរដ្ឋដែលលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងខណ្ឌពោធិសែនជ័យនេះ ។
លោកបញ្ជាក់ថា គ្រាន់តែនៅក្នុងសង្កាត់ចំនួន១២ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន ៩ទៅហើយដែលទទួលរងនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះ ។
លោកបន្តថា ខណៈដែលទឹកស្ទឹងព្រែកត្នោត កំពុងតែគំរាមកំហែងនៅសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោនេះ គឺអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងប្រដាប់អាវុធ ពិសេសកងកម្លាំងទាហានបានប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ទឹក តែមិនអាចទៅរួច ទើបយើងដកថយ យកកម្លាំងមកជម្លៀស ប្រជាពលរដ្ឋដែលលិចលង់ មកកាន់ទីទួលសុវត្ថិភាព ហើយកិច្ចការនេះ យើងទទួលបានជោគជ័យហើយ។ ក្រោយពីស្ថានភាពនៅក្នុងខណ្ឌដង្កោបានធូរស្រាលហើយនោះ ទើ បលោកមានឱកាសងាកមកជួយបងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅដ្ឋានដោយជំនន់ទឹកភ្លៀងនៅខណ្ឌពោធិសែនជ័យនាពេលនេះ។
លោកបញ្ជាក់ថា សម្រាប់បុរីត្រពាំងថ្លឹងនេះ លោកបានបញ្ជាឲ្យមន្ទីរសាធារណការរាជធានីភ្នំពេញធ្វើការទប់ទំនប់ជុំវិញ ហើយប្រើម៉ាស៊ីនបូមទឹកចេញពីក្នុងបុរីតែម្ដងខណៈដែលបុរីនេះកំពុងតែទទួលរងការលិចលង់នៅឡើយ។ ក្រោយពីបូមទឹកស្រកអស់ហើយ លោកនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញបាញ់ថ្នាំសម្លាប់មេរោគនិងសម្លាប់សត្វល្អិតនៅក្នុងបុរីនេះផងដែរ។
លោកឃួង ស្រេងបានបញ្ជាក់ទៀតថា ចំពោះកិច្ចការងារចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ធ្វើការសិក្សាឲ្យបានច្បាស់លាស់ ក្នុងភូមិសាស្ត្រនេះពោលគឺត្រូវដាក់លូរបៀបណា ទប់ទំនប់របៀបយ៉ាងណា ដើម្បីរំដោះទឹកចេញ ។
ក្រោយពីការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធ ឃើញថា ទឹកតំបន់នេះបានស្រកប្រមាណជា៣តឹកហើយ ប៉ុន្តែប្រជាពលរដ្ឋមិនអាចរស់នៅកើតទេ ដោយសារតែទឹកនេះ វាមានក្លិនស្អុយទៅហើយ ដែលដាច់ខាតយើងត្រូវតែទប់និងបូមទឹកសំអុយនេះចេញអោយអស់។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំរំលោភប្រឡាយបង្ហូរទឹកការរំលោភប្រឡាយនេះហើយធ្វើឲ្យស្ទះចរន្តទឹកហូរ ទើបបណ្តាលអោយលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ។សម្រាប់ការងារចំពោះមុខ អាជ្ញាធររាជធានីភ្នំពេញនិងការពារប្រឡាយអោយបានគង់វង់ ជាមួយនឹងការស្ដារប្រឡាយជាប្រចាំ ជៀសសវាងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងទៀត៕