ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីក្រោមឱវាទច្រកខ្សាច់ដាក់បាវ ដើម្បីទប់ទឹកបុកច្រាំង បាក់ស្រុត ដោយសាទឹករលកនាវាដឹកអ្នកដំណើរ

127
ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា និងអភិបាលរងខណ្ឌ មន្ត្រីខណ្ឌ សង្កាត់ រួមទាំងលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅ២ នៅព្រឹកថ្ងៃសៅរ៍ ទី៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំប្រជាពលរដ្ឋភូមិដើមស្លែង១ ច្រកខ្សាច់ដាក់បាវទប់ទឹកបុកច្រាំងបាក់ស្រុត សង្កាត់ច្បារអំពៅទី២ និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបណ្តាលមកពីទឹករលកនាវាដឹកអ្នកដំណើរ (រ៉ូយាល់) ។
  ដើម្បីទប់ស្កាត់នៅបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងចំនួន៥ចំណុច ស្តីពីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចណ៍ផ្លូវទឹកនារដូវទឹកឡើង ដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដរទទឹងទាំងអស់ ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនរាជធានីភ្នំពេញអោយអនុវត្តតាម ដើម្បីកុំអោយមានបញ្ហាប្រឈមនិងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅតាមបណ្តោយទន្លេ។
   បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីធានានូវសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកឡើងនេះ ស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែដទទឹងទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖
ទី១៖ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បូន ពោងកង អាវពោងប្រដាប់ពន្លត់អគ្គីភ័យ នៅលើគ្រប់មធ្យោបាយ
ទី២៖ ពេលធ្វើចរាចរណ៍ចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបន្ថយល្បឿននៅត្រឹម២០គ.ម ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ
ទី៣៖ មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក
ទី៤៖ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ
ទី៥៖ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដចម្លងឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត ៕

 

អត្ថបទដែលជាប់ទាក់ទង