ក្រសួងប្រៃសណីយ៍លុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន
ភ្នំពេញ៖ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ដោយពិនិត្យឃើញមានប្រតិបត្តិករទូរគមនាគមន៍មួយចំនួនបានគេចវេសមិនបង់ចំណូលជូនរដ្ឋ ជាច្រើនឆ្នាំ មិនមានប្រតិបត្តិការ និងខ្លះទៀតបានលាក់ចំណូលរបស់ខ្លួន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ក្រុមការងារអធិការកិច្ច ដើម្បីចុះត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានប្រមូលព័ត៌មាន អំពីស្ថានភាពដំណើរការអាជីវកម្ម ស្ថានភាពបច្ចេកទេស និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗ។
ក្រសួង បានសម្រេចលុបនិងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុន (ដូចមានភ្ជាប់នៅ ខាងក្រោម) ដែលមានភាពអសកម្ម ដូចជាមិនមានសកម្មភាពអាជីវកម្ម គ្មានបុគ្គលិកបម្រើការងារ មិនបាន ធ្វើស្វ័យ ប្រកាសបង់ចំណូលនិងកាតព្វកិច្ចផ្សេងៗ តាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និង ពុំបានផ្តល់ឯកសារ បច្ចេកទេស ជាដើម។
ក្រសួងបានណែនាំឱ្យប្រតិបត្តិករដែលត្រូវបានលុបអាជ្ញាបណ្ណនេះ ត្រូវទូទាត់បំណុល ដែលជំពាក់ ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និង ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជា ធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ។ កន្លងមក ក្រសួងបានចេញសេចក្តីជូនដំណឹងជាបន្តបន្ទាប់ដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ឱ្យ គោរពតាមច្បាប់ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។ ប៉ុន្តែក្រសួងសង្កេតឃើញថា ប្រតិបត្តិករ មួយចំនួននៅតែមិនអនុវត្ត ឬមិនទាន់បានអនុវត្តពេញលេញតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណ។ ហេតុដូច្នេះ
ក្នុងករណីប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិការ
ទាំងនោះនឹងប្រឈមការព្យួរអាជ្ញាបណ្ណជាបណ្តោះអាសន្ន ឬលុបអាជ្ញាបណ្ណ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រតិបត្តិករទូរគមនាគមន៍ទាំងអស់អនុវត្តឱ្យបានពេញលេញ តាមច្បាប់ បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃអាជ្ញាបណ្ណ៕