ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីនិងលោក ហ៊ុន ម៉ានី បន្តនាំយកអំណោយមនុស្សធម៌ ចែក ជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ នៅខណ្ឌដង្កោ

236

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភា បាន

បន្តនាំយកអំណោយមនុស្សធម៌ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារ នៅខណ្ឌដង្កោ ខណៈដែលពួកគាត់កំពុងរងគ្រោះដោយជំនន់ទឹកស្ទឹងព្រែកត្នោត

    ពិធីប្រគល់ទទួលអំណោយមនុស្សធម៌នេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែតុលានេះ នៅទីតំាងចំនួន២ ក្នុងនោះចំនួន២៧៥គ្រួសារនៅក្នុងសង្កាត់ ក្រាំងពង្រ និង១០០គ្រួសារទៀត នៅតំបន់ទីទួលសុវត្ថិភាព ក្នុងតំបន់ រង្វង់មូលកួរស្រូវ ដោយអំណោយទំាងនោះរួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានណែនាំនឹងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្រ្គោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ឱ្យមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ហើយ នៅពេលដែលបាន ជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យហើយ អាជ្ញាធរ និងរាជរដ្ឋាភិបាលនៅតែបន្តគិត គូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះបន្តទៀត ដូចជាការផ្តល់អំណោយមនុស្សធម៌ ជាមួយនឹងការចែកអាហារហូបចុកគ្រប់គ្រាន់ ខណៈដែលការសង្រ្គោះប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយឬគណបក្សណានោះឡើយ ពោល ឱ្យតែប្រជាពលរដ្ឋដែលទទួលរងគ្រោះគឺជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ

   លោក បញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានភាពម្ចាស់ការខ្ពស់សហការរួមគ្នាដោយធ្វើការសង្គ្រោះទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់ដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាពនិងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសមរម្យ ពោល គឺពុំមានអ្នកណាម្នាក់ត្រូវរងគ្រោះបាត់បង់ជីវិតនៅឡើយ។

  លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ ថា ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនង និងជាបងប្អូនជាមួយគ្នាយ៉ាងល្អ ចេះជួយយកអាសារគ្នាទៅ វិញទៅមក ហើយក្នុងស្ថានភាពកម្ពុជារងគ្រោះដោយគ្រោះធម្មជាតិនេះ រដ្ឋាភិបាលចិនសូមចូលរួមរំលែក ទុក្ខ និងរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា។

  លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំកម្លំាងសរុប មធ្យោបាយសរុប ក្នុងការជួយ សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាមកកាន់ទីទួលសុវត្ថិភាព ដែលធានាឱ្យប្រជាពលរដ្ឋមាន សុវត្ថិភាព និងរស់នៅសមរម្យនៅតំបន់ទីទួលសុវត្ថិភាព។

   ក្នុងឱកាសនោះដែរ  លោកហ៊ុន ម៉ានី ក៏បានផ្តំាផ្ញើរបងប្អូនដែលកំពុងជួបប្រទះនូវគ្រោះទឹកជំនន់ទឹកភ្លៀង ត្រូវគិតគូរពីបញ្ហាសុវត្ថិភាព និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយទឹកជំនន់ ជាពិសេសកុមារដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ សំខាន់ត្រូវគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត បរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ចាប់ពីតំាងពីថ្ងៃទី១៣ ខែតុលាមក គ្រោះទឹកជំនន់ដែលបណ្តាលមកពីទឹកស្ទឹង ព្រែកត្នោត បានបង្កឱ្យមានការលិចលង់ផ្ទះសំបែងប្រ ជាពលរដ្ឋជាច្រើនខ្នងនៅក្នុងខណ្ឌដង្កោ ខណ្ឌ កំបូល និងមួយផ្នែកទៀតនៅខណ្ឌពោធិ៍សែនជ័យ ហើយភ្លាមៗនោះ លោកឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីសម្តេចតេជោហ៊ុនសែន បាននាំយកជំនួយមនុស្សធម៌មានគ្រឿង ឧបភោគបរិភោគជាច្រើនមុខរួមទំាងថវិកា ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដើម្បី ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនេះ៕

 

អត្ថបទដែលជាប់ទាក់ទង