ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូន​ឈ្មួញ​រកស៊ី​ឈើ​ទាំង​២​នាក់ ទៅកាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ចោទប្រកាន់​ពីបទ​ល្មើស​ធនធានធម្មជាតិ​

52

 

 

​ខេត្តមណ្ឌលគិរី​៖ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុវត្ត​នីតិវិធី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន​ផ្អែកទៅលើ​អង្គហេតុ និង​អង្គច្បាប់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាននិងកំពុង​រៀបចំ កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ចោទប្រកាន់​ឈ្មួញ​រកស៊ី​ឈើ​ទាំង​២​នាក់​ខាងលើ​ទៅកាន់​សាលាដំបូង ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

 

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​នៅ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ស្តីពី​

​ការអនុវត្ត​នីតិវិធី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។​

 

​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បានឃើញ​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​ព័ត៌មាន​គេហទំព័រ​មួយចំនួន និង​ការបន្ត​ផ្សាយ​រូបភាព និង​ចែករំលែក​នូវ​ព័ត៌មាន​នៅលើ​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដែលមាន​ចំណងជើង​ថា “​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពីររូប​នៅ​ស្រុក​ពេ​ជ្រា​ដា​រង​ការ​ចោទថា​វាយ​ពលរដ្ឋ​រងរបួស​ធ្ងន់​”​។​

 

​ករណី​ខាងលើនេះ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី សូម​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា ៖ ១.​នៅវេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជ្រក​សត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​ករណី​ដឹកជញ្ជូន​ផល អនុផល ធនធានធម្មជាតិ ហើយ​បាន​ចាប់​ឃាត់​រថយន្ត​ចំនួន​១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ រតនគិរី 2A-0218 ផ្ទុក​ឈើ​អារ​ប្រភេទ​លេខ​១(​សុ​ក្រម​)​ចំនួន​១៥​សន្លឹក និង​ឈើ​លេខ​១(​សុ​ក្រម​)​ជា​ប្រភេទ​ទ្វារ​ចំនួន​១២​សន្លឹក នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៦ ស្ថិតក្នុង​ភូមិ​ពូ​ជ្រៃ​ចុង​ជាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ក្នុង​ដែន​ជម្រក​សត្វ ព្រៃ​ស្រែ​ពក ។​

 

​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ស្គាល់ឈ្មោះ ភាន់ សុ​ភ័ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន​ភូមិ​មានជ័យ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក និង​អ្នករួមដំណើរ​ឈ្មោះ សាយ ស្រី​ដាវ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ព្រមទាំង​មានកូន​ក្មេង​តូច​ម្នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។ ក្រោយ​ការចាប់​ឃាត់​រថយន្ត​ខាងលើនេះ អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​ចង្អូ​ត​ក្នុង​បំណង​បើក​គេច ក៏បាន​កៀរ​ម៉ូតូ​១​គ្រឿង និង​បម្រុង​បុក​រថយន្ត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត​ទាញ​វត្ថុតាង (​ឈើ​) ទម្លាក់​ចុះ​ពីលើ​រថយន្ត ប៉ុន្តែ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព និង​បញ្ជា​ឲ្យ​បើករថយន្ត​នោះ​ទៅកាន់​ស្នាក់ការ​ដែនជម្រកសត្វព្រៃ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ ខណៈនោះ អ្នករួមដំណើរ​ឈ្មោះ សាយ ស្រី​ដាវ និង​អ្នកបើកបរ​ក៏​ចាប់ផ្តើម​បញ្ចេញ​សកម្មភាព​ច្រងេងច្រងាង រើ​បម្រាស់​ក្នុង​បំណង​រត់គេចខ្លួន ថែមទាំង​បាន​យក​កាមេរ៉ា ទូរស័ព្ទ​មក​ចុច​ថត​សកម្មភាព​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស រួច​ចាប់ផ្តើម​ជេរប្រមាថ​មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ព្រមទាំង​គំរាម​ដុត រថយន្ត​និង​វត្ថុតាង​ចោល ដែលជា​ទង្វើ​រារាំង​ការអនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​។ បន្ទាប់មក​ស្ត្រី​ឈ្មោះ សាយ ស្រី​ដាវ ដែល​បាន​កាន់​ទូរស័ព្ទ​ចុច​ថត​សកម្មភាព​ក៏បាន​រត់​ទៅបុក​នឹង​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រងរបួស​ហូរឈាម​។ ដោយ​មើលឃើញ​ពី​ចរិតលក្ខណៈ​បង្ក​ហិង្សា​របស់​ជនសង្ស័យ​ទាំង​២​នាក់​នេះ​រួចមក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ស្នើសុំ​កិច្ចសហការ បន្ថែម​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ពូ​ជ្រៃ មកជួយ​អន្តរាគមន៍​។​

 

​នគរបាល​ប៉ុស្តិ៍​ពូ​ជ្រៃ បានមក​ដល់​និង​បាន​ពិនិត្យ​ស្នាមរបួស​នៅលើ​ថ្ងាស​របស់​ស្ត្រី​ឈ្មោះ សាយ ស្រី​ដាវ និង​ពិនិត្យ​ទីតាំង​បង្គោល​ភ្លើង​ឃើញថា គឺជា​ការរត់​ទៅបុក​ប​ង្គោ​ល​ភ្លើង​ដោយ​ខ្លួនឯង​បណ្ដាល​ឲ្យ​មាន​របួស​ហូរឈាម​ប្រាកដ​មែន​។ ករណីនេះ បែរជា​ស្ត្រី​ឈ្មោះ សាយ ស្រី​ដាវ ផ្ដល់​កិច្ចសម្ភាសន៍​ទៅកាន់​បណ្តាញ​ព័ត៌មាន​តាម​គេហទំព័រ និង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក បង្កើត​នូវ​ព្រឹត្តិការណ៍​ភូតកុហក​សាធារណជន បង្ក​ជាការ​ភាន់ច្រឡំ​មកលើ​ការអនុវត្ត​នីតិវិធីរ​បស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រាសចាក​ពី​អង្គ​ហេតុថា ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែលមាន​ឈ្មោះ ឆាយ ផាន់​ណា និង​ឈ្មោះ លីន ជា​អ្នកបង្ក​ហិង្សា​វាយដំ​ទៅវិញ​។​

 

​ឈរលើ​គោលការណ៍​ច្បាប់​ជា​ធរមាន និង​យោងទៅលើ​ការអង្កេត​តាមដាន​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បង្ហាញថា ស្ត្រី​ខាងលើ និង​អ្នកបើកបរ គឺជា​ឈ្មួញ​រកស៊ី​ឈើ និង​ជា​អ្នកដឹកឈើ​ដ៏​សកម្ម​ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​សាំ​យ៉ុង ខាងលើ ។ បច្ចុប្បន្ន​ផ្អែកទៅលើ​អង្គហេតុ និង​អង្គច្បាប់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាននិងកំពុង​រៀបចំ កសាង​សំណុំរឿង​បទល្មើស​ធនធានធម្មជាតិ ចោទប្រកាន់​ឈ្មួញ​រកស៊ី​ឈើ​ទាំង​២​នាក់​ខាងលើ​ទៅកាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

 

​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី មានការ​សោកស្តាយ​ចំពោះ​បណ្តា​អង្គភាព​ព័ត៌មាន​អេឡិចត្រូនិក និង​អ្នកយកព័ត៌មាន​ផ្សាយ​នៅលើ​គេហទំព័រ ដែល​ផ្អែក​តែ​ទៅលើ​ប្រភពព័ត៌មាន​តែ​ម្ខាង ហើយ​ផ្សាយ​រិះគន់​ប​ន្ទុះ​បង្អាប់​មកលើ​ការ អនុវត្ត​នីតិវិធី​រប​ស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោយ​គ្មាន​វិជ្ជាជីវៈ និង​ខ្វះ​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន​៕​

អត្ថបទដែលជាប់ទាក់ទង