កម្ពុជា និងអាមេរិច ចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ថ្មីមួយបន្ថែម ទៀតស្តីពីកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក(USPTO)បានហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ថ្មីមួយបន្ថែម ទៀតស្តីពីកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា នេះគឺជាកិច្ចសហប្រតិបត្តិការពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្ម (Patent)នៅ កម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាមួយប្រទេសជាច្រើន រួមមាន៖ប្រទេសសឹង្ហបុរី ជប៉ុន ចិន កូរ៉េខាងត្បូង និងសហគមន៍អឺរ៉ុបក្នុងន័យពន្លឿនការចុះបញ្ជីការពារសុពលភាពប្រកាសនីយបត្រតកក្កកម្ម (Patent)នៅកម្ពុជា ឲ្យបានឆាប់រហ័សនិងកាន់តែច្រើន ។
ហត្ថលេខីនៃពិធីនេះដែលបានធ្វើតាមប្រព័ន្ធOnline គឺរវាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយ លោក Andrei lancu នាយកអង្គភាពប្រកាសនីយបត្រតក្កកម្ម និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ពីទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ។
ដោយឡែក លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានវត្តមាន
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ បានស្ថិតនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ប
ច្ចេកវិទ្យា និងនវានុវត្តន៍ ។
ភាគីទាំងពីរ បានបង្ហាញនូវទឹកចិត្តរីករាយនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយបានឈានដល់ពិធីចុះហត្ថលេខានាថ្ងៃនេះ ដើម្បីជាផ្នែកមួយរួមចំណែកក្នុងការទាក់ទាញ អ្នកវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជាឲ្យបានកាន់តែច្រើនឡើង ក្នុងជំនឿទុកចិត្តថាស្នាដៃបច្ចេកវិទ្យានិងរបបគំហើញ ផ្សេងៗដែលចង់មកផលិតវិនិយោគ និងផ្តល់សេវានៅកម្ពុជា ត្រូវបានទទួលកិច្ចការពារនូវកម្មសិទ្ធិបញ្ញាផ្នែកប្រកាសនីយប្រតក្កកម្មស្ថិតក្នុងសុពលភាពរបស់ខ្លួន ។
លោ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានបង្ហាញនូវចំណាប់អារម្មណ៌ ដោយបានបញ្ជាក់ថាទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានពង្រឹងជាយូរលង់មកហើយ ហើយឆ្នាំនេះជាឆ្នាំខួបទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ។
សម្រាប់ពិធីចុះហត្ថលេខានេះ ជាសក្ខីភាពនៃការជំរុញភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងទំនុកចិត្តផ្នែក វិនិយោគបន្ថែមទៀត និងចាត់ទុកការអនុវត្តនូវកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម ដែលកម្ពុជាបានធ្វើជាមួយប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងនោះ ស្របពេលដែលកម្ពុជា មិនទាន់មានធធានមនុស្ស និងធនធានសំភារ:ថវិកាគ្រប់គ្រាន់សម្រាប់ពិនិត្យវាយតម្លៃ និងផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រាប់ការពារស្នាដៃម្ចាស់តក្កករ ដូចដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី បានលើលពីខាងដើមស្រាប់ ។
ការងារនេះទៀតសោតសហរដ្ឋអាមេរិកនឹងមានចុះផ្សាយពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ តាមរយៈវេបសាយ ក៏ដូចជាតាមបណ្តាសារព័ត៌មានផ្សេងៗ ដើម្បីជូនជ្រាបដល់សាធារណៈជន និងជាពិសេស តក្កករ នៅក្នុងសហរដ្ឋអាមេរិកឱ្យមកចុះបញ្ជីប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា សម្រាប់មុខសញ្ញានៃការវិនិយោគរបស់ខ្លួននៅកម្ពុជា៕