នាយកកម្មវិធីស្បៀង អាហារពិភពលោក ប្ដេជ្ញា បន្ដជួយផ្ដល់ស្បៀង ដល់រាជរដ្ឋា ភិបាលកម្ពុជា និងសហការផ្ដល់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងជនងាយរងគ្រោះ
ភ្នំពេញ៖ លោកស្រី Claire Conan ជា តំណាងនាយកកម្មវិធីស្បៀងអាហារពិភព លោក(WFP) ប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាបន្តឧបត្ថម្ភគាំទ្រផ្ដល់ស្បៀង
ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ បន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ ជាមួយនឹងការឧបត្ថម្ភ គាំទ្រលើការងារធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងជនងាយរងគ្រោះ ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនឹងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។
ការលើកឡើងរបស់លោកស្រីនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីស្តីការក្រសួងផែនការ។
លោកស្រី Claire Conan ជាតំណាងនាយកកម្មវិធីស្បៀងអាហារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបទទួលបានការតែងតាំងថ្មីបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោកនិងរាជរដ្ឋា ភិបាលកម្ពុជា និងជាមួយក្រសួងផែនការដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក WFP ដែលបានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទជាមួយអគ្គនាយកដ្ឋានផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។
ជាការឆ្លើយតប លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងនូវអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្មវិធីស្បៀងអាហារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក កម្មវិធីស្បៀងអាហារពិភពលោកជាមួយនឹងក្រសួងផែនការ។ លោកកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា៖ សម្រាប់ឆ្នាំក្រោយក្រសួងផែនការ រួមនឹងដៃគូជំនួយ នឹងចាប់ផ្តើមដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាពសុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព កម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្មវិធីវិនិយោគសាធារណៈ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមបានបន្ដទៀតថា កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានក្នុងកម្រិតមួយខ្ពស់ជាមួយគ្នា ក្នុងការអនុវត្ត និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា ក្នុងដំណាក់កាលនេះ កម្ពុជាកំពុងមានការប្រឈមខ្លាំង ដោយសារជំនន់ទឹកភ្លៀង និងបញ្ហាការរីករាលដាលជំងឺកូវីដ១៩ មិនអាចកំណត់បានថា នឹងចប់នៅវេលាណាមួយជាក់លាក់ឡើង។
លោកកិត្តិសេដ្ឋាបណ្ឌិតបានលើកឡើងថា ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានអនុវត្តន៍ចំនួន៤ជុំរួចមកហើយ នឹងបន្តបើកផ្តល់រហូតដល់ចុងឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ ក្នុងបរិការណ៍នៃការស្តារឡើងវិញនូវ loសេដ្ឋកិច្ចជាតិ និងសម្រេចឱ្យបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ដែគូអភិវឌ្ឍន៍ វិស័យឯកជន ត្រូវតែខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងទ្វេដង។
លោកកិត្តិសេដ្ឋាបណ្ឌិតក៏បានថ្លែងនូវអំណរគុណចំពោះកម្មវិធីស្បៀងអាហារ ពិភពលោក ដែលជានិច្ចជាកាលគាំទ្រ និងបន្តការឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការល្អឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយគ្នា៕ . សំរិត