ឯកឧត្តម ឃួង ស្រង ថ្លែងកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ មកពីគ្រប់ភាគីពាក់ព័ន្ធ និងសប្បុរសជន ដែលបានចូលរួមជួយជនរងគ្រោះដោយទឹកជំនន់ និងបញ្ហាសំរាម ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ ក្រោយពីស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកភ្លៀង បានថមថយជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបណ្តើៗហើយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងកោតសរសើរនិងអំណរគុណយ៉ាងជ្រៀវជ្រៅបំផុត ចំពោះកងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ស ស យ ក កាកបាទក្រហមកម្ពុជានិងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមយ៉ាងសកម្មនិងដោយទឹកចិត្តជ្រះថ្លា ក្នុងបុព្វហេតុជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងរាជធានីភ្នំពេញ នាអំឡុងពេលជាង២សប្តាហ៍មកនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង បានអះអាងថា ដោយសារកម្លាំងសាមគ្គី ដែលជាចលករដ៏សំខាន់ បំផុតជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញជំនះបាននូវឧបសគ្គដ៏ធំធេង ក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត បានជោគជ័យ និងមិនមានប្រជាពលរដ្ឋ រងគ្រោះបាត់បង់ជីវិតនោះទេ។
ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា សមូរភូមិដ៏ស្មុគ្រស្មាញនេះ ថ្វីត្បិតតែមិនទាន់ទៅណាឆ្ងាយក៏ពិតមែន តែឆ្លងកាត់ពេលវេលាគ្រោះថ្នាក់មួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ដ៏ធំធេងបំផុត ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជាក្រុមអ្នកស្មគ្រចិត្តនិងសប្បុរជនទាំងក្នុងនិងក្រៅប្រទេសបានចូលរួមយ៉ាងសស្រាក់សស្រាំទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារៈនិងថវិកា រួមគ្នាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែងជួបនូវគ្រោះធម្មជាតិមួយនេះ។
បន្ថែមពីនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញក៏បានលើកឡើងពីការទទួលបានជោគជ័យផងដែរ លើការសម្របសម្រួលជាមួយបងប្អូនកម្មករ ប្រមូលនិងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានធ្វើកូដកម្ម មិនប្រមូលសំរាមជាង២សប្តាហ៍នោះ ឥឡូវនេះបងប្អូនកម្មករទាំងនោះបានចូលបំរើការងាវិញជាធម្មតា ក្រោមការទទួលយកនូវដំណោះស្រាយដ៏គាប់ប្រសើរ និងមានការទទួលខុសត្រូវ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងស្ថាប័នពាក់ព័ន្ធនានាយ៉ាងច្បាស់លាស់។
យ៉ាងណាឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា បន្ទាប់ពីនេះ អាជ្ញាធររាជធាពនីភ្នំពេញ នឹងរៀបចំកម្លាំងដើម្បីចុះជួយប្រជាពលរដ្ឋក្នុងការលាងជូតសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ដែលរងការលិចលង់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋជាពិសេសកុមារតូចៗ។បន្តពីនេះក៏ត្រូវធ្វើសកម្មភាពជួសជុលនិងស្តារហេដ្ឋរចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជាច្រើនដែលរងការបំផ្លិតបំផ្លាញដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរឡើងវិញ៕ដោយ៖បញ្ញាស័ក្តិ