មុនចាកចេញពីកម្ពុជា ឯកអគ្គរាជទូតអង់គ្លេស នឹងចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦
ភ្នំពេញ៖ក្នុងនាមរដ្ឋាភិបាលអង់គ្លេស លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា អង់គ្លេសសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅរលូន មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយអង់គ្លេសនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចំាកម្ពុជា បានបញ្ជាក់ថា លោកនឹងចាកចេញពីប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតសកលរួច ដូច្នេះលោកនឹងចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នោះផងដែរ។
លោក វីលៀម ជេស ឡុងហឹស្ត (William Jesse Longhurst ) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។
លោក វីលៀម ជេស ឡុងហឹស្ត បានមានប្រសាសន៍ថា នៅក្នុងបេសកកម្មការទូត៤ឆ្នាំនៅកម្ពុជា បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០១៧ ប៉ុន្តែឆ្នាំ២០១៨នេះ ជាការបោះឆ្នោតសកល ជាបទពិសោធន៍ថ្មីមួយ ដែលលោកនឹងទទួលបាន។
អ្វីដែលជាសមិទ្ធផល នៅក្នុងរយៈបេសកកម្ម៤ឆ្នាំ មកនេះលោក វីលៀម ជេស ឡុងហឹស្ត បានលើកឡើង ថា រដ្ឋសភាកម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងល្អ ជាមួយស្ថានទូតអង់គ្លេស។ ស្ថានទូតអង់គ្លេស បានសហការជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការពង្រឹងសមត្ថភាព តំណាងរាស្រ្តជាស្រ្តី តាមរយៈការរៀបចំឲ្យមានសិក្ខាសាលា ជាច្រើនលើក។
លោក វីលៀម ជេស ឡុងហឹស្ត បានគូសបញ្ជាក់បន្ថែមថា កន្លងមកអង់គ្លេស បានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា បានទៅសិក្សានៅអង់គ្លេស ផ្តល់ជំនួយខាងដោះមីន និងសកម្មភាពសង្គម ជាច្រើនទៀត ហើយបេសកកម្មនោះ នឹងនៅបន្តទៅមុខទៀត។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលបានជួយគំាទ្រកម្ពុជា រហូតមក។ សម្តេច បានលើកឡើងថា កម្ពុជា-ចក្រភពអង់គ្លេស មានទំនាក់ទំនងការទូត ជាមួយគ្នាជាង៦ ទសវត្សរ៍មកហើយ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង រវាងប្រជាជាតិ និងប្រទេសទំាងពីរ បាននាំមកនូវ ឧត្តម ប្រយោជន៍ទៅវិញ ទៅមក ជាពិសេសបានរួម ចំណែក ដល់ការអភិវឌ្ឍរបស់កម្ពុជា ទំាងពេលបច្ចុប្បន្ន និង អនាគត។
សម្តេចប្រធានរដ្ឋសភា បានជម្រាបថា កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខ ដែល មានគណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែង។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅ តាមការកំណត់ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍ ប្រជាធិបតេយ្យ។ កម្ពុជា ខិតខំរក្សាឲ្យបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ ដ៏មានសារសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនកម្ពុជា ។
សម្តេចបានផ្តាំផ្ញើថា ទោះបីបេសកកម្មការទូតរបស់លោកឯកអគ្គរាជទូត នៅកម្ពុជា ត្រូវបានបញ្ចប់ និងទៅបំពេញភារកិច្ច នៅ ស្ថាប័នផ្សេងក្តី សូមលោកនៅតែបន្តរក្សា ទំនាក់ទំនងល្អ ជាមួយកម្ពុជា និងជួយផ្សព្វផ្សាយពី សក្កានុពល ទេសចរណ៍កម្ពុជា ដល់ប្រជាជន និងអ្នកវិនិយោគិន នៅអង់គ្លេស ឲ្យកាន់តែច្រើនថែមទៀត ៕