តុលាការក្រុងភ្នំពេញ ឃុំខ្លួនមនុស្សបីនាក់ ដែលដឹកនាំបាតុកម្ម នៅមុខស្ថានទូតចិន កាលពីថ្ងៃទី២៣តុលា
ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន មនុស្សបីនាក់ដែលបានដឹកនាំមនុស្សជាង១០នាក់ ធ្វើបាតុកម្មខុសច្បាប់នៅមុខស្ថានទូតចិនប្រចាំកម្ពុជា ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ ពីបទញុះញង់ឲ្យមានសភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
កាលពីព្រឹកថ្ងៃសុក្រទី២៣ខែតុលាឆ្នាំ២០២០២ អ្នកតវ៉ាចំនួន៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនពេលពួកគេកំពុងដឹកនាំមនុស្សជាង១០នាក់ទៀត តវ៉ានៅនៅមុខស្ថានទូតចិនប្រចាំកម្ពុជា ដោយលើកឡើងថាទាហានចិន មានវត្តមាននៅលើទឹកដីកម្ពុជា ។
មនុស្ស៣នាក់នោះ រួមមាន អ្នកស្រី លឹម សាន អាយុ៥៧ឆ្នាំ ភេទស្រី នៅឃុំកំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្ដាល លោក សុន និមល អាយុ៤០ឆ្នាំ ភេទប្រុស រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងអ្នកស្រី យ៉យ ស្រីមុំ អាយុ៥២ឆ្នាំ ភេទស្រី នៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានចាប់ខ្លួនយកទៅសួរនាំ បន្ទាប់មកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានចលាចលក្នុងសង្គម ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនមនុស្ស៣នាក់នេះ ទៅតុលាការនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
អាជ្ញាធររួមជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះ បានអនុវត្តវិធានការរដ្ឋបាលលើមនុស្សប្រមាណ១៥ នាក់ ដែលមកធ្វើបាតុកម្មនៅមុខស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីពួកគេ បានស្រែកតវ៉ាបង្កភាពអនាធិបតេយ្យ បង្កបាត់បង់សណ្តាប់ធ្នាប់សាធារណៈនៅមុខស្ថានទូតចិន។ អ្នកតវ៉ាបានស្រែកប្រឆាំងនឹងវត្តមានទាហានចិននៅលើកទឹកដីកម្ពុជា ។ ក្នុងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ អំពីដំណើររឿង ពួកគេបានមកស្រែកតវ៉ា នៅមុខស្ថានទូតចិន ដោយគ្មានការជូនដំណឹង ឬគ្មានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ប្រជាពលរដ្ឋមួយក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរស្ថានទូតចិន ក្នុងបំណងដាក់ញត្តិទៅស្ថានទូត អំពាវនាវឱ្យប្រទេសចិនគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងចម្រុះ បានរារាំងក្រុមអ្នកតវ៉ា ដែលព្យាយាមដាក់ញត្តិ។ មនុស្សបីនាក់ត្រូវបានចាប់ខ្លួននៅពេលនោះ។
បន្ទាប់ពីសាកសួររួច មនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕