ឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក ត្រូវពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ស្របតាមស្តង់ដា និងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩
ភ្នំពេញ៖ក្រសួងទេសចរណ៍ចេញសារាចរណែនាំ ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍នាឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សំដៅធ្វើការពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ស្របតាមស្តង់ដា និងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។
បើតាមសារាចរណែនាំ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី ៣០-៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖
១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ និងសម្រួលការទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព និងផាសុកភាព។
២. ត្រូវសហការជាមួយមន្ទីរបរិស្ថាន សុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យ ដោយ លុបបំបាត់ការបោះចោលសំរាម និងកាកសំណល់ ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាស ក្រោមតុ និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវ។
៣. ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃ ខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងថ្លៃដែលបានប័ទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្ម ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
៤- ត្រូវធ្វើការណែនាំម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឲ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា ពិសេស អនុវត្តតាមការជូនដំណឹងអំពីបញ្ហាអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី៩-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ។
មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ នានាជាប្រចាំថ្ងៃ រួចផ្ញើមកក្រសួងទេសចរណ៍ ។
ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី ពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើ ឲ្យបានលទ្ធផលល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕