ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍នៅតាមមូលដ្ឋាន

84

 

(ភ្នំពេញ)៖ គណៈកម្មាធិការចំនួន២ទៀតរបស់ក្រសួងមហាផ្ទៃ ដែលទើបបង្កើតថ្មី
នឹងធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ នៅទូទាំងប្រទេស
ដើម្បីលើកកម្ពស់គោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងមួយនេះ
ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ បានណែនាំទៅដល់សមាជិក
គណៈអភិបាលរាជធានី-ខេត្ត
ត្រូវរៀបចំឱ្យមានយន្ដការប្រយុទ្ធប្រឆាំងគ្រឿងញៀនច្បាស់លាស់ពីថ្នាក់រាជធានី-ខេត្ត ដល់ខណ្ឌ/ក្រុង/ស្រុក
និងឃុំ-សង្កាត់ ហើយត្រូវធ្វើសកម្មភាពជាពហុវិស័យ ជាប់ជាប្រចាំ
ដើម្បីអនុវត្តគោនយោបាយភូមិឃុំមានសុវត្ថិភាព និងភូមិឃុំ សង្កាត់សគ្មាគ្រឿងញៀនរបស់រាជរដ្ឋាភិបាល
និងបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងនៅក្នុងពន្ធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
នៅទីស្ដីការក្រសួងមហាផ្ទៃ លោកក៏បានណែនាំទៅដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍/កាមរោគ
ក្រសួងមហាផ្ទៃ ត្រូវរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាពក្នុងការទប់ស្កាត់
ការរីករាយដាលជំងឺអេដស៍/កាមរោគ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធានាឱ្យបាននូវការអនុវត្ត
ការដាក់បញ្ចូលបញ្ហាអេដស៍ ក្នុងគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព
និងបង្កើនការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាអេដស៍/កាមរោគ
ឱ្យកាន់តែមានភាពទូលំទូលាយនៅតាមមូលដ្ឋាន និងតំបន់ដាច់ស្រយាល។

លោក កៅ ខុនដារ៉ា បានគូសបញ្ជាក់ថា ពិធីប្រកាសគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដ៍/កាមរោគ របស់ក្រសួងមហាផ្ទៃ ក្នុងពេលនេះ
គឺជាការចាប់ផ្តើមថ្មីមួយនៃការពង្រីកវិសាលភាពការងារ និងពង្រឹងប្រសិទ្ធភាពការងារ
ដែលពីមុនមានតែមន្ត្រីអនុវត្តច្បាប់ កងកម្លាំងនគរបាលជាតិ ជាអ្នកទទួលបន្ទុកសំខាន់
ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពេលនេះបន្ថែមឱ្យគ្រប់អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួង
និងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់កម្រិតចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន
ជាពហុវិស័យ និងពហុជំនាញ ស្របតាមផែនការជាតិ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន
និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។

ជាមួយនេះលោក កៅ ខុនដារ៉ា បានបន្ថែមយ៉ាងដូច្នេះថា៖ «ការងារប្រយុទ្ធនឹងជំងឺអេដស៍/កាមរោគ
ដែលកន្លងមកនេះ យើងផ្តោតលើការអប់រំបង្ការ និងថែទាំតែលើកងកម្លាំងនគរបាលជាតិ តែចាប់ពីពេលនេះ
គឺយើងត្រូវយកចិត្តទុកដាក់ដល់គ្រប់មន្ត្រីគ្រប់ប្រភេទដែលស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល»។

បើតាមឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ
ប្រឆាំងគ្រឿងញៀន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន
នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រយុទ្ធប្រឆាំងជំងឺអេដស៍
បើគ្មានសាធារណជនចូលរួមទេ គឺមិនអាចទទួលជោគជ័យបានឡើយ ដូច្នេះ សាធារណជនត្រូវចូលរួមជាមួយ
សមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការងារទាំងនេះទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ
ត្រូវសហការជាមួយអាជ្ញាធរតាមមូលដ្ឋាន ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យបានទាន់ពេលវេលា។ ហើយត្រូវចូលរួម
បន្ដអប់រំកូនចៅរបស់ខ្លួនឱ្យដឹងអំពីផលប៉ះពាល់អំពីគ្រឿងញៀន និងយល់ដឹងអំពីការឆ្លងមេរោគអេដស៍
ក្នុងករណីមានកូនប្រើប្រាស់គ្រឿងញៀន ត្រូវយកគាត់ទៅកន្លែងព្យាបាល កុំឱ្យគាត់ប្រើប្រាស់គ្រឿងបន្ដទៀត។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការ២នេះ មានសមាសភាពចូលរួមចំនួន២៧រូប៕

អត្ថបទដែលជាប់ទាក់ទង