ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បាន​ដើរ​ស្រែកយំ ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​ត្រូវបាន​ចោរឆក់ ជា​ព័ត៌មាន​មិន​ពិត

83

 

​ភ្នំពេញ​៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា ត្រូវបាន​ចោរឆក់​កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ជា​ព័ត៌មាន​មិន​ពិត ជាក់ស្តែង​មិនមាន​ករណី​ឆក់​កើតឡើង​ដូច​ស្ត្រី​ចិន​រូបនេះ​លើកឡើង​ឡើយ ។​

​បន្ទាប់ពី​ធ្វើ​ការសហការ​ស្រាវជ្រាវ រវាង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចតុមុខ ការិយាល័យ​អនុវត្ត​នីតិវិធី​នៃ​ផែន​អន្តោប្រវេសន៍ ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​រកឃើញ​ស្ត្រីជន​ជាតិចិន​ឈ្មោះ ZHAO YUNYAN ហើយ​បាន​នាំយកមក​ធ្វើការ​សាកសួរ និង​បំភ្លឺ​ចំពោះ​ករណី​ដែល​គាត់​បាន​លើកឡើងថា មាន​ករណី​ចោរឆក់​កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រោយពី​ធ្វើការ​សាកសួរ ស្ត្រី​រូបនេះ​បាន​សារភាពថា​មិនមាន​ករណី​ឆក់​កើតឡើង​មកលើ​រូបគាត់​នោះទេ ដោយសារតែ​គាត់​ចង់បាន​លុយ​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ទើប​ប្រឌិត​រឿងនេះ​ឡើង ។

​ម្យ៉ាងវិញទៀត​ដោយមាន​ការសង្ស័យថា​ស្ត្រី​រូបនេះ​ប្រើប្រាស់​សារធាតុ​ញៀន មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ស្ត្រីជន​ជាតិចិន​រូបនេះ ជា​លទ្ធផល​បាន​បង្ហាញថា​គាត់​ពិតជា​បាន​ប្រើប្រាស់​សារធាតុ​ញៀន​ពិតប្រាកដ​មែន ។

​ពេលនេះ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋ​ចតុមុខ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌដូនពេញ កំពុង​រៀបចំ​ឯកសារ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ ត្រៀម​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ។
​ដើម្បី​ចូលរួម​សហការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត មុននឹង​ធ្វើការ​ចុះផ្សាយ​ទាក់ទង​ទៅនឹង​ករណី​អ្វីមួយ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ សូម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន ដើម្បី​កុំ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់ច្រឡំ ជាពិសេស​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន អាច​ក្នុង​គោលបំណង​អាក្រក់​ដើម្បី​បំពុលបរិយាកាស​សង្គម​ផងដែរ ។​

​សូមបញ្ជាក់ថា ជាក់ស្តែង​រហូតមកដល់​ពេលនេះ នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ មិនទាន់​អាច​កំណត់ថា មាន​ករណី​ឆក់​ដូច​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃទី​១៤ ខែ​ត​លា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣​និង​៣០ នាទី មាន​ករណី​ស្ត្រីជន​ជាតិចិន​ខាងលើនេះ​បានមក​ស្រែកយំ​នៅ​ចំណុច ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​សុរាម្រិត ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បានធ្វើ​ការសួរនាំ​ស្ត្រីជន​ជាតិចិន តាមរយៈ​អ្នកបកប្រែ​ដែល​នៅ​កន្លែងកើតហេតុ​ខាងលើ បាន​ប្រាប់​មកវិញ​ថា ស្ត្រីជន​ជាតិចិន​ខាងលើ​នេះ ត្រូវបាន​ចោរឆក់​កាបូប​តាំងពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ហើយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ បាន​ហៅ​ស្ត្រីជន​ជាតិចិន​ខាងលើ​ឲ្យ​ទៅ​ចង្អុល​កន្លែងកើតហេតុ ដើម្បី​ទទួល​ពាក្យបណ្ដឹង និង​បន្ត​ស្រាវជ្រាវ​រក​ជនសង្ស័យ​ប៉ុន្តែ​ជនជាតិ​ចិន​ខាងលើ មិន​ព្រម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​នៅតែ​ឈរ​យំ​ដដែល ក្រោយមក​ក៏មាន​បុរស​ជនជាតិ​ចិន ២ នាក់ ពុំ​ស្គាល់ឈ្មោះ និង​អត្តសញ្ញាណ បានមក​និយាយ​ជាមួយ​ស្ត្រីជន​ជាតិចិន​ខាងលើ រួចហើយ​ស្ត្រីជន​ជាតិចិន​ក៏បាន​ឡើង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ចេញទៅ​បាត់​ជាមួយនិង​បុរស​ជនជាតិ​ចិន​នោះ​បាត់​តែម្តង ដោយ​ពុំ​បានដាក់​ពាក្យបណ្តឹង​ឡើយ ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​ស្ត្រីជន​ជាតិចិន ដើម្បី​សួរនាំ​បន្ថែម​ឲ្យ​ដឹង​ច្បាស់​ពី​ការពិត​លើ​ករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង