បើកកិច្ចប្រជុំកក្រុម ការងារក្រសួងមហាផ្ទៃ ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ដើម្បីធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងពិភាក្សាពិគ្រោះយោបល់ សម្រាប់ប្រមូលធាតុចូលត្រៀមសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២លើវិស័យជួញដូរអាវុធគ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាមផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយដ្នានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាន ព្រមទាំងអង្គភាពពាក់ព័ន្ធផងដែរនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន បានគោរពស្នើសុំមតិដឹកនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធ្វើបច្ចុប្បន្នភាពសមាជិក និងមន្រ្តីទំនាក់ទំនងក្រុមការងារទទួលបន្ទុករបស់ក្រសួងមហាផ្ទៃឡើងវិញ និងដើម្បីស្នើសុំឱ្យមានក្រុមការងារទទួលការងារជួញដូរអាវុធ ក្នុងអគ្គលេខាធិការអាស៊ាន ដើម្បីបន្តកិច្ចការងារសម្របសម្រួលពាក់ព័ន្ធនឹងការងារជួញដូរអាវុធ ក្នុងក្របខណ្ឌអស៊ាន ហើយក្រោយមកសម្តេចក្រឡាហោម ស ខេង ក៏បានចារឱ្យឯកឧត្តម ដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងនហាផ្ទៃ ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើកជាយោបល់ដើម្បីគោរពស្នើសុំគោលការសម្រេច ក្នុងការត្រៀមរៀបចំលើការងារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ខាងមុខ។
ឯកឧត្តម បញ្ជាក់បន្តថា ក្នុងឆ្នាំ២០២២ខាងមុខ កម្ពុជានឹងត្រូវជាប់ភារកិច្ចយ៉ាងមមាញឹក ដោយសារតែកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានផង និងត្រូវរៀបចំកិច្ចការងារបោះឆ្នោតថ្នាក់ ឃុំ សង្កាត់ផង ដែលកម្ពុជានឹងមានការបែងចែកការងារជាច្រើន ទន្ទឹមនឹងនេះឯកឧត្តម បានជម្រុញឱ្យក្រុមការងារដែលពាក់ព័ន្ធទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រមូលកិច្ចការងារចាំបាច់នានាសម្រាប់ចងក្រងឱ្យបានមុខរួចជាស្រេចដើម្បីឆ្លើយតបបានស្របតាមស្ថានការជាក់ស្តែង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ក៏បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបថា បន្ទាប់ពីប្រទេសព្រុយណេមក ប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នាពេលខាងមុខ ក្នុងន័យនេះគឺយើងត្រូវធ្វើកិច្ចការងារពាក់ព័ន្ធជាច្រើនឱ្យបានរៀបរយដើម្បីត្រៀមឱ្យបានរួចជាស្រេច ក្នុងប្រមូលធាតុចូលនានាពីគ្រប់អង្គភាពពាក់ព័ន្ធ និងក្រសួង ស្ថាប័នទាំងអស់ ដូច្នេះទើបបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សាលើការងារព័ន្ធក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងនាមជាអ្នកទទួលការខុសត្រូវចំពោះការងារប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាការងារសន្តិសុខជាតិ តើត្រូវមានធាតុចូលអ្វីខ្លះ? និងដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជាលើវិស័យពាក់ព័ន្ធអស់ សម្រាប់បញ្ចូលក្នុងសេចក្តីថ្លែងការជារួមរបស់អាស៊ាន ក៏ដូចជាក្នុងសុន្ទរកាថារបស់សម្តេចតេជោ ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានអស៊ាន ដែលត្រូវថ្លែងការក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ខាងមុខ។
ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់បន្ថែមថា កម្ពុជាក៏ត្រូវបានអាស៊ាន ជ្រើសតាំងឱ្យធ្វើជាអ្នកនាំមុខអាស៊ានពាក់ព័ន្ធទៅនិងវិស័យប្រយុទ្ធប្រឆាំងជាមួយនិងការរត់ពន្ធអាវុធគ្រប់ប្រភេទ ដូច្នេះ គឺជាការងារសំខាន់ ដែលក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន ត្រូវរៀបចំត្រៀម ហើយត្រូវមានការចូលរួមផ្តល់យោបល់ និងធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់របស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចូលរួមគ្នាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ធ្វើយ៉ាងឱ្យការងារនេះទទួលបានជោគជ័យដូចបានគ្រោងទុក និងស្របតាមគោលបំណង់របស់អាស៊ានទាំងមូលផងដែរ៕ ដោយ៖បញ្ញាស័ក្តិ