ឃុំខ្លួនកូនប្រុសវាយឱពុកបង្កើតរបួសចិញ្ចើម ចំនួន ៣ កន្លែង ដាក់ពន្ធនាគារ
ឧត្តរមានជ័យ៖ នៅរសៀល ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២០ ជនត្រូវចោទ ឈ្មោះ ធៀន ផល ភេទប្រុស អាយុ ៣៣ ឆ្នាំ ដែលបានយកដំបងឈើប្រវែង ៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាឱពុកបង្កើត) បណ្តាលឲ្យយរងរបួសចិញ្ចើម ចំនួន៣ កន្លែងនោះ ត្រូវបាន លោក វ៉េត ហ៊ត់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ ដោយចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោកប៉េង ហ៊ត់ អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ដោយបង្គាប់ឱ្យឃុំខ្លួនលើឈ្មោះ ធៀន សុផល ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ អ្នកឃ្វាលគោ ទីកន្លែងកំណើតនៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទីលំនៅបច្ចុប្បន្នមុន ពេលចាប់ខ្លួននៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅលីវ ឪពុកឈ្មោះ ដុក រៀន ម្តាយឈ្មោះ ថាន់ ប៉ាក កម្រិតវប្បធម៌ថ្នាក់ទី១២ថ្មី ទោសពីមុន គ្មាន ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចស្ថិតនៅភូមិគោកភី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងផ្តន្ទាទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។ បង្គាប់មក លោកប្រធានពន្ធនាគារខេត្តឧត្តរមានជ័យ ឱ្យឃុំខ្លួនឈ្មោះនេះជាបណ្តោះអាសន្ន ឱ្យបានសម្រេចតាមដីកានេះ ៕