អត្តពលិកតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបឈានជើងចូលវគ្គផ្តាច់ព្រ័ត្រនៃ Best of The Best
ភ្នំពេញ៖ព្រឹត្តិការណ៍ Best of The Best គឺជាការប្រកួតកីឡាតេក្វាន់ដូ WT(World Taekwondo) វ័យក្មេងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០បានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រដោយកីឡាករកីឡាការិនីតេក្វាន់ដូWTឆ្នើមចំនួន១៤រូបធ្វើការប្រកួតដើម្បីចម្រាញ់រកជើងខ្លាំងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT។
លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា មុននឹងឈានចូលព្រឹត្តិការណ៍ Best of The Best កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបទាំងនោះសុទ្ធតែបានឆ្លងកាត់កម្មវិធីប្រកួតដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតសាធរណរដ្ឋកូរ៉េក្រោមគម្រោង Taekwondo Hope 2023 ទាំងអស់។ តាមការគ្រោងទុកលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ។
លោក ឆយ យ៉ុងសុក(Choi Yong Sok) គ្រូបង្វឹកង្គោលរបស់ខេមរសហព័ន្ធតេក្វាន់ដូ WTបាននិយាយថា កីឡាករ-កីឡាការិនីតេក្វាន់ដូ WT ឆ្នើមចំនួន១៤រូបនឹងក្លាយជាអត្តពលិកតេក្វាន់ដូ WT ឆ្នើមលើវិញ្ញាសាមេគុនក្រុមជម្រើសជាតិឆ្នាំ២០២១ ៕