ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

60

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្តីអំពាវនាវ​ស្តីពី​ការបង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ថ្ងៃទី​៣០-៣១ ខែតុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ថ្លែង​នូវ​ការកោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជាទី បំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ ដ៏​ច្រើន​លើសលប់​ដែលមាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក យ៉ាង​ផុលផុស​ក្នុង​ពេលធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការបាត់​បង់ជីវិត រងរបួស និង​ការខូចខាត​ទ្រព្យ សម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នាពេល​កន្លងទៅ​។

 

​ក្នុង​ឆ្នាំ​២០២០​នេះ អាស្រ័យ​ដោយ​ប្រទេសជាតិ​មាន​សន្តិភាព ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​របស់​សមត្ថ​កិច្ច​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ជំរុញ​ឱ្យចំ​នួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​រងរបួស​មានកា​រ​ថយចុះ បើ​ប្រៀបធៀប​រយៈពេល ៩​ខែ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន ២៣% ស្លាប់​ថយ​ចំនួន ១៧% និង​របួស​ថយ ២២% ភាគច្រើន​ជនរងគ្រោះ​ចំនួន​៧៣% ជា អ្នកជិះ​ទោចក្រយានយន្ត​មិន​ពាក់មួក​សុវត្ថិភាព​។​

ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ជាមួយនឹង​ការខិតខំ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង និង​ខ្យល់ព្យុះ និង​ត្រៀម​ស្តារឡើងវិញ​នូវ​ភាព​រងគ្រោះ​ជាស​កល ក្នុង​ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​អំពាវនាវ ដល់​សាធារណជន​ជា​អ្នកប្រើប្រាស់​ផ្លូវ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០-៣១ ខែតុលា  និង​ថ្ងៃទី​១​ខែវិច្ឆិកា ឆ្នាំ​២០២០ ដូចខាងក្រោម​៖

 

១-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ ជាដាច់ខាត​។

 

២-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។

 

៣-​មិនត្រូវ​បត់ ឬ វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​។

 

៤-​មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូមមេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។

 

៥-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត​។

 

៦-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​។

 

៧-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជានិច្ច​។

 

៨-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត​។​

 

៩-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។

 

១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​សំដែង​នូវ​សេចក្តីសង្ឃឹម​ជឿជាក់​លើ​អ្នកប្រើប្រាស់​ផ្លូវ គ្រប់រូប​នឹងចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​អនុវត្តតាម​សេចក្តីអំពាវនាវ​នេះ ដើម្បី​នាំមក​នូវ សុវត្ថិភាព ក្នុងឱកាស​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខនេះ សំដៅ​ធានាឱ្យមាន សុភមង្គល ជីវភាព​រុងរឿង​ក្នុងសង្គម​ដែលមាន​ការអភិវឌ្ឍ និង​សុខសន្តិភាព តរៀង​ទៅ​៕​

អត្ថបទដែលជាប់ទាក់ទង