បញ្ជូនយោធាម្នាក់ ដែលអាងអំណាច យកកាំភ្លើងវាយក្បាល អ្នកលក់ប្រហិតចៀនទៅតុលាការ ក្នងករណីគ្រោះថ្នាក់ចរាចរ
ភ្នំពេញ៖ យោធា មានតួនាទីជា នាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ ដែលដកកាំភ្លើង វាយក្បាលអ្នកលក់ ប្រហិតចៀន បែកក្បាល ដោយសាររឿងគ្រោះថ្នាក់ចររាចរណ៍ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបាន សមត្ថកិច្ចខណ្ឌសែនសុខ បញ្ជូន ទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់។
ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុ ដែលភាគីទាំង សងខាង សម្របសម្រួលគ្នា មិនបាន ដោយសារ ភាគីជនសង្ស័យ អាងអំណាច សងលុយទៅជនរងគ្រោះតិចតួច ចំណែកភាគីជនរងគ្រោះ ទាមទារជំងឺចិត្តច្រើនពេក ដូច្នេះការចរចាមិនត្រូវគ្នា សមត្ថកិច្ចជំនាញ សម្រេចបញ្ជូនសំណុំរឿង ទៅតុលាការ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ យោធាពាក់ស័ក្តិ ៤កន្លះ មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១។ ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយសារ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះ។
មូលហេតុដែលឈានដល់ ការប្រើអំពើហិង្សា នេះផ្តើមចេញពី គ្រោះថ្នាក់ចរាចរ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបរ រថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុក រ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ ដែលកើតឡើងនៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បន្ទាប់មក ជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ រហូតឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តងទៅ៕