រកឃើញសព២៦នាក់ហើយ ដែលស្លាប់ដោយរលំបាក់អគារ ក្រោយរញ្ជួយដីនៅតួកគី និងក្រិក
តួកគី៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់ បានស្លាប់ ដោយសាររញ្ជួយដីនៅប្រទេសតួកគី ភាគខាងលិច និងនៅប្រទេសក្រិក ភាគខាងជើង កាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ បណ្ដាលឱ្យរលំបាក់អគារជាច្រើនខ្នង និងបង្កឱ្យមានរលកយក្សស៊ូណាមិ កម្រិតស្រាលផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ។
អ្នកស្លាប់ចំនួន ២៤នាក់ ស្ថិតនៅឆ្នេរភាគខាងលិច ប្រទេសតួកគី និង ២នាក់ទៀតជាកុមារតូច ដែលត្រូវបានជញ្ជាំងរលំសង្កត់ នៅកោះសាម៉ូស (Samos) នៃប្រទេសក្រិក។ តួលេខនេះអាចបន្តកើនឡើងទៀត។ រញ្ជួយដី បានបណ្ដាលឱ្យអគារយ៉ាងតិច ២០ខ្នង នៅទីក្រុងអ៊ីស្មៀរ (Izmir) នៅប្រទេសតួកគី បានរលំបាក់ស្រុត។ មនុស្សយ៉ាងតិច ៨០០នាក់ បានរងរបួសផងដែរ។
អាជ្ញាធរតួកគី បានវាស់កម្រិតរញ្ជួយ ៦,៦រ៉ិចទ័រ ទោះបីជាមានការរាយការណ៍បឋមថា រញ្ជួយដីមានកម្រិត ៧,០រ៉ិចទ័រក៏ដោយ។ បច្ចុប្បន្ន គេកំពុងបន្តរុករកអ្នកដែលនៅរស់ នៅក្រោមគំនរថ្មបាក់បែក។
គួររំឭកថា កាលពីឆ្នាំ១៩៩៩ មនុស្សប្រហែល ១៧០០០នាក់ បានស្លាប់ដោយសាររញ្ជួយដីកម្រិតខ្លាំង នៅទីក្រុងអ៊ីស្មៀរ ប្រទេសតួកគីនេះ
៕
ប្រភព៖ CNN