វេជ្ជបណ្ឌិត ឱ វណ្ណឌីន ច្រានចោលព័ត៌មានគ្មានការពិត ដែលផ្សព្វផ្សាយលើគណនី Facebook មួយ ពាក់ព័ន្ធតម្លៃរបបអាហារ និងការស្នាក់ធ្វើចត្តាឡីស័ក
ភ្នំពេញ៖ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ខែវិច្ឆិកានេះ បានច្រានចោលរបស់ក្រសួងសុខាភិបលេីការផ្សាយរបស់សារព័ត៌មានអនឡាញមួយ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្តីពីការបង់ថ្លៃស្នាក់ ហូបចុករបស់ម្ចាស់អាក់ខោនឈ្មោះ San Sek Sokhom ។
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការផ្សាយមិនត្រឹមត្រូវរបស់សារព័ត៏មានអនឡាញ NP Video ដែលបានចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមពីថ្ងៃម្សិលមុិញនេះ ស្តីពីតម្លៃរបបអាហារ និងការស្នាក់ធ្វេីចត្តាឡីស័ក របស់បុគ្គលដែលមានអាក់ខានឈ្មោះ San Sek Sokhom ដែលមានចរិតបំពុលសង្គម និងចោទប្រកាន់ដោយមិនទាំងយល់ពីនិតិវិធីក្នុងការជ្រេីសរេីសកន្លែងធ្វេីចត្តាឡីស័ក ក្នុងពេលដែលក្រសួងសុខាភិបាលកំពុងតែខិតខំអនុវត្តវិធានការទប់ស្កាត់កុំឲ្យមានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩ ពីក្រៅប្រទេសមកកម្ពុជា។
ក្រសួង សូមបញ្ជាក់ជូនថា ការជ្រេីសរេីសសណ្ឋាគារសម្រាប់ធ្វេីចត្តាឡីស័ក ដោយបង់ថ្លៃ គឺជាការសម្រេចចិត្តរបស់បុគ្គលរូបនោះដោយខ្លួនឯង ដោយគ្មានការបង្ខិតបង្ខំឡេីយ ព្រមទាំងមានការចុះហត្ថលេខាលេីទម្រង់ជ្រេីសរេីសទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។ ប្រសិនបេីបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ និងចំណីអាហារខ្លួនឯងនោះ គាត់អាចជ្រេីសរេីសយកកន្លែងដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ គឺបុគ្គលរូបនេះ ដឹងហេីយថាត្រូវបង់ថ្លៃសណ្ឋាគារ និងម្ហូបអាហារ ហេីយជ្រេីសយកដោយខ្លួនឯងទៀត តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ ដែលក្រសួង សូមប្រកាសច្រានចោលទាំងស្រុងនូវរាល់ការលេីកឡេីងតាមការផ្សាយរបស់ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុននឹងផ្សាយ ត្រូវស្រាវជ្រាវពិនិត្យមេីលឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការផ្សាយមិនត្រឹមត្រូវ ដែលធ្វេីឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាន និងកំពុងខិតខំធ្វេីការទាំងថ្ងៃទាំងយប់ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ ការបង់ថ្លៃស្នាក់នៅ ហូបចុកសម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារផ្ទាល់តែម្តងដោយខ្លួនឯង ដែលសណ្ឋាគារជាអ្នកទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ។
ក្រសួងសូមជូននូវការពន្យល់ និងការឆ្លេីយតបចំពោះការលេីកឡេីងពីរឿងនេះ ជូនទៅបុគ្គលរូបនោះ ដែលបានប្រេីប្រាស់អាក់ខោនផ្សេងៗគ្នា តែសាច់រឿងតែមួយ ហេីយក្រសួង ក៏បានពន្យល់គាត់ គាត់ក៏បានឆ្លេីយតបបំភ្លឺលេីការយល់ច្រឡំរបស់គាត់រួចហេីយដែរ (មានដូចខាងក្រោមនេះ) តែ NP Video អនឡាញ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។
ក្រសួងសូមស្នេីសុំអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយចាត់ការលេីសារព័ត៌មាន ដែលផ្សព្វផ្សាយមានចរិតមិនត្រឹមត្រូវ បំពុលសង្គមនេះផង ដែលក្នុងកាល:ទេស:នេះ យេីងគួរតែរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ដេីម្បីប្រទេសកម្ពុជាមិនមានការចម្លងចូលក្នុងសហគមន៌។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕