ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៤នាក់បានស្លាប់ ដោយសារព្យុះទីហ្វុង Goni នៅហ្វីលីពីន

119

ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានបន្ថយកម្រិតព្យុះ Goni ពីកម្រិតកំពូលព្យុះទីហ្វុង មកនៅត្រឹមព្យុះទីហ្វុងធម្មតាវិញ ខណៈវាត្រូវគេចាត់ទុកជា ព្យុះទីហ្វុងខ្លាំងក្លាជាងគេបំផុតក្នុងឆ្នាំនេះ ដែលបានបោកបក់មកដល់ប្រទេសហ្វីលីពីន ជាមួយកម្លាំងខ្យល់ចន្លោះ២២៥-២៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់ Bicol។

ទោះជាបែបនេះក្តី ទីភ្នាក់ងារឧតុនិយមហ្វីលីពីនបានព្រមានថា ព្យុះ Goni នៅតែជាការគំរាមកំហែងដដែល ស្របពេលដែលវាកំពុងធ្វើដំណើរកាត់តាមបណ្តាខេត្តនៅភាគខាងត្បូងរដ្ឋធានីម៉ានីល។ ប្រជាជនហ្វីលីពីនខ្ទង់សែននាក់ ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

គួរជម្រាបថា Goni ស្ថិតក្នុងចំណោមព្យុះទីហ្វុងកម្រិតធ្ងន់ ដែលបានវាយប្រហារលើហ្វីលីពីន គិតចាប់តាំងពីព្យុះទីហ្វុង Haiyan ដែលបានសម្លាប់មនុស្សច្រើនជាង៧,០០០នាក់ កាលពីឆ្នាំ២០១៣។ ម៉្យាងវិញទៀត វាបានមកដល់ហ្វីលីពីន បន្ទាប់ព្យុះទីហ្វុងមួយទៀតគឺ Molave ដែលបានផ្តាច់ជីវិតមនុស្ស២២នាក់ នៅបណ្តាខេត្តភាគខាងត្បូងរដ្ឋធានីម៉ានីល លើកោះ Luzon ដូចគ្នា។ ទន្ទឹមគ្នានេះ អាជ្ញាធរឧតុនិយមហ្វីលីពីន កំពុងតាមដានព្យុះត្រូពិចមួយ Atsani ដែលអាចនឹងវាយប្រហារមកលើបណ្តាខេត្តនៅភាគខាងជើងកោះ Luzon ក្នុងពេលប៉ុន្មាន ថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង