ក្រសួងព័ត៌មាន បានចេញសេចក្តីជូនព័ត៌មាន អំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញ ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាប និងបំភ្លឺជូនសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន អំពី ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងសេចក្តីបំភ្លឺជុំវិញការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលមួយចំនួន ចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសង្គមស៊ីវិលចំនួន ៥៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជា ថាបានយាយីទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ប៉ុន្តែក្នុងចំណោមអង្គការ សង្គមស៊ីវិលទាំង ៥៧នោះ មានអង្គការសង្គមស៊ីវិលតែចំនួន ១២ ដែលបាន ចុះបញ្ជីស្របច្បាប់នៅក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជីនៅក្រសួងព័ត៌មាន ក្រៅពីនោះ ជាក្រុមអង្គការសង្គមស៊ីវិលដែលមិនបានចុះ បញ្ជីស្របច្បាប់ឡើយ ។ ដូច្នេះក្នុងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថា វាគ្រាន់តែជាយុទ្ធសាស្ត្ររបស់អង្គការសង្គមស៊ីវិលទាំងនោះ ក្នុងការទាក់ទាញការយកលុយពីខាងក្រៅ និងទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន និងមានចេតនាក្នុងការបំភាន់ សាធារណមតិតែប៉ុណ្ណោះ។
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្លួនក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយស្របតាមមាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា និងបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ស្តីពីរបប សារព័ត៌មាន ឆ្នាំ១៩៩៥។ ផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា អាចបំពេញវិជ្ជាជីវៈដោយសេរី និងគ្មានការត្រួតពិនិត្យជាមុនចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មិន ត្រឹមតែប៉ុណ្ណោះ អ្នកសារព័ត៌មានអាចរក្សាជាសម្ងាត់នូវប្រភពព័ត៌មានដែលខ្លួនទទួលបានផងដែរ។ តាម រយៈការអនុវត្តច្បាប់នេះ បច្ចុប្បន្នវិស័យសារព័ត៌មាននៅកម្ពុជាមានការអភិវឌ្ឍន៍គួរជាទីមោទនៈទាំងវិសាលភាព និងមធ្យោបាយនៃការផ្សព្វផ្សាយដែលអាចឱ្យសាធារណជនទទួលបានព័ត៌មាន និងចូលំទូលាយ និងឆាប់រហ័ស ពីគ្រប់មជ្ឈដ្ឋានដែលកើតមានឡើងនៅទូទាំងពិភពលោក។ ព្រមជាមួយ៍គ្នានេះដែរ បច្ចុប្បន្ន នេះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កំពុងតែបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី និងបានគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការរើសអើង និងគ្មានការគំរាមកំហែង។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ចំពោះស្ថាប័នមានសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចរបស់ ខ្លួនទៅលើអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់មួយចំនួនកន្លងមក ថាជាការរំលោភបំពាន បំបិទសិទ្ធិ សេរីភាពសារព័ត៌មាននោះ គឺជាការចោទប្រកាន់ដោយមិនបានពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់លើ ករណីនីមួយៗនោះឡើយ ។ ពាក់ព័ន្ធចំណុចនេះ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ការអនុ វត្តវិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានទាំងនោះ គឺជាការអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋដែលគ្រប់ប្រទេសប្រកាន់យក។ ដូច្នេះអ្នកដែលប្រកបវិជ្ជាជីវៈ ទាំងអស់ រួម ទាំងអ្នកប្រកបវិជ្ជាជីវៈព័ត៌មាន ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវផ្នែកផ្លូវច្បាប់។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ករណី ការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ កំពុងស្ថិតនៅក្នុង ដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដូច្នេះមានតែការចូលរួមអនុវត្តទៅតាមនីតិវិធីតុលាការទេ ដែល ជាដំណោះស្រាយក្នុងការអនុវត្តសិទ្ធិសេរីភាព និងភាពត្រឹមត្រូវរបស់ខ្លួនចំពោះមុខច្បាប់។ ក្នុងករណីនេះ ភាគីពាក់ព័ន្ធអាចផ្តល់ជាជំនួយផ្លូវច្បាប់ដល់ជនជាប់ចោទទាំងនោះ ទៅតាមនីតិវិធីច្បាប់។
ចំពោះការចោទប្រកាន់មកលើក្រសួងព័ត៌មាន អំពីការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន មួយចំនួន ដោយគ្មានមូលដ្ឋានច្បាស់លាស់ អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ផ្អែកតាមច្បាប់ស្តី ពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងព័ត៌មាន ក្រសួងបានផ្តល់ការចុះបញ្ជីស្រប ច្បាប់ដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាន ដោយគ្មានការរើសអើង និងដោយស្មើរភាព ។បន្ថែមពី នេះក្រសួងព័ត៌មាន មានតួនាទី និងភារកិច្ចក្នុងការផ្តល់ ផ្អាកបណ្តោះអាសន្ន និងបញ្ឈប់អាជ្ញាប័ណ្ណ ទៅ លើអាជីវកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងអាច ផ្តល់អាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា នៅពេលណាដែលអ្នកប្រកបវិជ្ជាជីវៈសារ ព័ត៌មានបានបំពេញទៅតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ ប៉ុន្តែផ្ទុយទៅ វិញ ក្រសួងក៏អាចផ្អាកបណ្តោះអាសន្ន ឬលុបអាជ្ញាប័ណ្ណ ប្រសិនបើក្រសួងពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មានទាំងនោះប្រព្រឹត្តផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបាន តម្កល់ទុកនៅក្រសួងព័ត៌មាន ។ ចំពោះករណីដែលក្រសួងព័ត៌មានលុបអាជ្ញាបណ្ណ ចំពោះអង្គភាពសារ ព័ត៌មានមួយចំនួនតូចកន្លងមក ដោយសារតែអង្គភាពសារព័ត៌មានទាំងនោះ បានប្រព្រឹត្តិផ្ទុយនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចសន្យារបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះផងដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវ និងលើកទឹកចិត្ត ដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់នៅកម្ពុជា សូមចូលរួមគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត នានា ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាដែលសាមីអង្គភាពខ្លួនបានកម្កល់ទុកនៅក្រសួងព័ត៌មានឱ្យបានខ្ជាប់ខ្លួន ដោយកុំបំពាន់សិទ្ធិអ្នកដទៃ និងកុំបំភ្នែការពិត និងបន្តខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន៕