ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម អំពាវនាវអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើទោះបីទឹកទន្លេមេគង្គស្រកចុះមកនៅត្រឹមជាង១៥ម៉ែត្រ

117
ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើនបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមបានស្រកចុះមកនៅត្រឹមជាង១៥ម៉ែត្រ ក៏ដោយ។
  ការអំពាវនាវបែបនេះរបស់លោកគួច ចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ខណៈដែលលោកដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពទឹកជំនន់តាមបណ្តាលឃុំមួយចំនួន នៅស្រុកកោះសូទិន ដែលរងគ្រោះដោយសារទឹកជំនន់។
   លោកគួច ចំរើនបានអោយដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានស្រកមកនៅត្រឹម១៥.០៥ម៉ែត្រ នារសៀលថ្ងៃអាទិត្យនេះ តែបណ្តាភូមិឃុំក្នុងខេត្តកំពង់ចាមនៅតែទទួលរងគ្រោះដោយទឹកជំនន់ ដូច្នេះលោកសូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស​​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា។
   លោកសូមអោយមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសនានាចឹក ក្នុងករណីមានសត្វអសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង