ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការផលិត​, ការនាំចេញ​, ការនាំ​ចូល និង​ការ​ចែកចាយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺជា​បទល្មើស​មួយ​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ

46

 

​ភ្នំពេញ​៖​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ បានស្នើ​ឲ្យ​រួមគ្នា​ក្នុងការ​ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​រួម​ក្នុងការ​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​បញ្ជៀ​ស​នូវ​ហានិភ័យ​នានា​សម្រាប់​សង្គមជាតិ​។​

នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​យុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ដែលមាន​ចំនួន​សរុប​ជាង ៥៤០ តោន​។ ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​, ឯកឧត្តម រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងយុត្តិធម៌ ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​, អាជ្ញាធរ​ដែនដី​, និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាច្រើនរូប​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា បញ្ហា​ឱសថ​ក្លែងក្លាយ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ជា​បញ្ហា​សុខភាព​សាធារណៈ និង​ជា​អាទិភាព​មួយ​ដ៏​សំខាន់ ដែល​ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់ និង​ទាន់ពេលវេលា​។ “​ការរួម​គ្នា​ពី​មន្ត្រី​អនុវត្ត​ច្បាប់ និង​ប្រជាពលរដ្ឋ ក្នុងការ​ទប់ស្កាត់ និង​ការប្រយុទ្ធប្រឆាំង​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺ​ដើម្បី​បម្រើ​ប្រយោជន៍​រួម​ក្នុងការ​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ ព្រមទាំង​បញ្ជៀ​ស​នូវ​ហានិភ័យ​នានា​ដែល​បង្កឡើង​ដោយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​សម្រាប់​សង្គមជាតិ​។​”

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា ការផលិត​, ការនាំចេញ​, ការនាំ​ចូល និង​ការ​ចែកចាយ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ គឺជា​បទល្មើស​មួយ​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ហេតុដូចនេះ បន្ថែម​លើ​ការដកហូត និង​ការ​កម្ទេចចោល​នូវ​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​, មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​ផ្តន្ទាទោស​ជនល្មើស និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ជាអាទិ៍ អ្នក​នាំចូល និង​អ្នក​ចែកចាយ​ផលិតផល ឱ្យបាន​តឹងរឹង និង​ឱ្យបាន​ត្រឹមត្រូវ​តាម​ប្រភេទ​នៃ​បទល្មើស​ដែល​កំណត់​ក្នុង​ច្បាប់ ជាពិសេស ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល​ទំនិញ និង​សេវា ដើម្បី​ធានា​ការពារ​សុខមាលភាពរ​បស់​ប្រជាជន​កម្ពុជា និង​ដើម្បី​កុំឱ្យ​បញ្ហា​នេះ​ចេះតែ​កើតមាន និង​រីក​រាលដាល​ឡើង​បន្តទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​, អាជ្ញាធរ​ដែនដី​, មន្ត្រីនគរបាល​យុត្តិធម៌ រួមទាំង​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​បាន​កោត​ស​សើរ​ចំពោះ​ការចូល​រួមសហកា​រយ៉ា​ង​ល្អប្រសើរ​ពី​ប្រជាពលរដ្ឋ​, សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ផងដែរ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) សូម​ជម្រាបជូន​ដល់​សាធារណជន និង​សារព័ត៌មាន​ជាតិ អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាបថាៈ គ​.​ប​.​ផ​.​ក នឹង​រៀបចំ​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន ៧.៧​តោន និង​ផលិតផល​ក្លែង​ក្លែងក្លាយ​ទូទៅ​ចំនួន ៥៣៣​តោន សរុប​រួម​ចំនួន ៥៤០.៧​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក ៕​

អត្ថបទដែលជាប់ទាក់ទង