អាជ្ញាធររាជធានី បាននឹងកំពុងជីកស្តារប្រឡាយអូរខ្សាច់ប្រវែង១៨គីឡូម៉ែត្រ ដើម្បីរំដោះទឹកកុំអោយលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះភ្នំពេញ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយអូរខ្សាច់ដែលមានប្រវែង១៨គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោក ដើម្បីរំដោះទឹកកុំអោយលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះភ្នំពេញ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថាប្រឡាយអូរខ្សាច់មានប្រវែង១៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោក
តែម្ដង។
លោកក៏បានបញ្ជាក់ផងដែរថា ប្រឡាយអូរខ្សាច់ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើអោយកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិច លង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង នាពេលកន្លងមក។
លោកក៏បានបញ្ជាក់ផងដែរថា ប្រឡាយរំដោះទឹកប្រវែង១៨គីឡូម៉ែត្រនេះ មានទទឹងចាប់ពី ១០ម៉ែត្រទៅ ១៥ម៉ែត្រ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងជាក់ស្ដែងនៃតួប្រឡាយ។
លោកម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋាន
កាលពីខែកក្កដា២០២០ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់រួចរាល់នៅរដូវប្រាំងខាងមុខនេះ ពោលគឺ នៅពេលរដូវវស្សាឆ្នាំ២០២១មកដល់ ប្រឡាយអូរខ្សាច់អាចដើរតួនាទី ក្នុងការរំដោះទឹកបានតែម្ដង ដោយមិនឲ្យទឹកហូរមកដល់ព្រលានយន្តហោះភ្នំពេញឡើយ។
លោកក៏បានបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះប្រឡាយអូរខ្សាច់ សម្រេចបានជាច្រើនភាគរយហើយ ពោលគឺនៅសល់១១គីឡូម៉ែត្រទៀតប៉ុណ្ណោះនឹងបញ្ចប់ការដ្ឋានទាំងស្រុង៕