ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ប្រឹង​ហែល​មកលើ​គោក​វិញ

75

 

ភ្នំពេញ ៖ សង្ស័យ​មាន​វិបត្តិ​អ្វីមួយ​ក្នុង​ចិត្ត​គិត​ដោះស្រាយ​មិន​ចេញ បុរស​ម្នាក់​បានសម្រេច​ចិត្ត​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់ឯង មក​ស្ពាន​ជ្រោយចង្វា​ចាស់ រួច​លោត​ពីលើ​ស្ពាន​ចូលក្នុង​ទឹកទន្លេ​ដើម្បី​សម្លាប់ខ្លួន តែដោយសារ​នៅ​មិនទាន់​អស់​អាល័យ និង​ទំនងជា​ពិបាក​ក្នុង​ខ្លួន​ក្នុងការ​ពន្លិច​ខ្លួន​ចូលក្នុង​ទឹក ក៏​ខំប្រឹង​ហែល​មកលើ​គោក​វិញ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯង​មក​ឈប់​នៅលើ​ស្ពាន​ជ្រោយចង្វា​ចាស់ ហើយក៏​បាន​ទៅ​តោង​បង្កាន់ដៃស្ពាន លោត​ចុះ​លិច​ចូលទៅក្នុង​ទឹក​បាត់ ដោយ​បន្សល់ទុក​ទូរស័ព្ទ​១​គ្រឿង លុយ​ចំនួន​៤​ម៉ឺន​រៀល និង​ខ្សែដៃ​១​ខ្សែ ទុក​នៅលើ​កែបម៉ូតូ របស់ខ្លួន ហើយ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​និង​សម្ភារ​របស់​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វា​។

​ប្រមាណ​ជាង​១០​នាទី ក៏មាន​គេ​ប្រទះឃើញ​បុរស​នោះ ហែល​តោង​ទូក​អ្នកនេសាទ​ឡើងលើ​គោក​វិញ នៅ​ម្តុំ​វត្តភ្នំ ខំប្រឹង​ហែល​មកលើ​គោក​វិញ ហើយ​ត្រូវ​សមត្ថកិច្ច​នាំយក​កាន់​ប៉ុស្តិ៍នគរបាល​ជ្រោយចង្វា ដើម្បី​ធ្វើការ​សាកសួរ​និង​ណែនាំ​អប់រំ រួច​ទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួល​ទៅផ្ទះ​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង