ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើត សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ចេញពី​គណបក្ស​៣​រួមគ្នា​

77

​ភ្នំពេញ​៖ គណបក្ស​ចំនួន​៣ ដែល​ក្នុងនោះ​មាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ខ្មែរ​តែមួយ​របស់​ប្អូន​លោក​បណ្ឌិត កែម ឡី បានរួម​គ្នា​បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​» ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។​
ស​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​នេះ មាន​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​អនុប្រធាន និង លោក កែម រឹទ្ធិ​សិត ជា​សមាជិក បូករួម​ទាំង​សមាសភាព​អ្នកនយោបាយ​មួយចំនួនទៀត​។​
លោក ម៉ម សូណង់ដូ បានបញ្ជាក់​ឱ្យដឹងថា គណបក្ស​ទាំងបី​មាន​គោលបំណង​ដូចគ្នា និង​មាន​គោលនយោបាយ​ប្រហាក់ប្រហែលគ្នា​។ លោក​អះអាងថា ៖​កន្លងទៅ​មាន​គណបក្សនយោបាយ​មួយចំនួន​បានធ្វើ​នយោបាយ​លេខដក ដែល​លោក​ចង់​សំដៅថា ជាការ​បែកបាក់​ជា​បន្ត​បន្ទាប់ ដូច្នេះ​ការរៀបចំ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ គឺ​លោក​ចង់​ធ្វើ​លេខបូក ដោយ​ធ្វើការ​បង្រួបបង្រួម​សំឡេង​អ្នកប្រជាធិបតេយ្យ​ឡើងវិញ​។​
​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ មិន​ចង់​ស្វែងរក​តួនាទី​ទេ ប៉ុន្តែ​ចង់​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យមាន​ភាពយុត្តិធម៌ ដើម្បី​ធ្វើ​លេខបូក បើសិនជា យើង​មិនមាន​ភាពយុត្តិធម៌​ក្នុងសង្គម​ទេ យើង​ពិបាក​នឹង​គ្រប់គ្រង​ការអភិវឌ្ឍ ហើយ​សន្តិភាព​នេះ ក៏​ពិបាក​គ្រប់គ្រង​ដែរ​។ យើង​គណបក្ស​ទាំង​៣​ស្ម័គ្រចិត្ត​បង្កើត “​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​”​ហ្នឹង ក្នុងន័យ​ស្ថាបនា ក្នុងន័យ​បង្រួបបង្រួម​ជាតិ ក្នុងន័យ​យក​ច្បាប់​ជាធំ​នីតិរដ្ឋ ជាពិសេស​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្ន​»​។​
​ទោះបីជា​រៀបចំ​រចនាសម្ព័ន្ធ​ពង្រីក​សំឡេង​គណបក្ស​ក្រៅ​រដ្ឋាភិបាល យ៉ាងណាក្តី លោក ម៉ម សូណង់ដូ ហាក់​ទទួលស្គាល់ និង​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​លោក​ក៏បាន​រិះគន់​ចំពោះ​បញ្ហា​ថ្នាក់ក្រោម​មួយចំនួន ដែល​ពុំ​ផ្តល់​យុត្តិធម៌ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​។​
​ជា​បេសកកម្ម​របស់ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ ត្រូវបាន​លោក ម៉ម សូណង់ដូ អះអាងថា នឹង​ដើរតួ​ជា​ភ្នែក​ជា​ច្រមុះ ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ករណី​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ផ្តល់ព័ត៌មាន​ទៅដល់​រាជរដ្ឋាភិបាល តាម​មធ្យោបាយ​ផ្សេងៗ​។ លោក​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​សមា​ជិ​ក មកពី​គណបក្ស​ផ្សេងៗ​ទៀត បើសិនជា​ពួកគេ​ទទួលយក​លក្ខន្តិកៈ​រប​ស់ សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​៕​

អត្ថបទដែលជាប់ទាក់ទង