នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ចាក់ព្រះរាជអាជ្ញារង ត្រូវបានចាប់ខ្លួន
កំពង់ធំ៖ ដោយសាររឿងចងគំនុំ លោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ បានធ្វើពុតជាស្រវឹងស្រាជោកជាំ បានយកកាំបិតចុងស្រួសចាក់បំពង់ក លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ យកឈាមលាយស្រាផឹក ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារមានមិត្តភិក្តរួមតុជួយឃាត់។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឲ្យដឹងថា រឿងហេតុនេះ ដោយសារជនសង្ស័យ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលសង្ស័យបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនសង្ស័យស្នើសុំឲ្យលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានឃាត់ខ្លួនជនសង្ស័យរូបនោះ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ក្នុងបទល្មើសជាក់ស្តែង មកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា ។
ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ។
មួយសន្ទុះ ក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា ឲ្យទៅជល់កែវជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ កំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នា ។
នៅវេលាម៉ោងប្រមាណ២១និង១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌សប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃបានដើរចូលក្នុងបន្ទប់ «កែប» ហើយលោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។ បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើររសសៀរមកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ ។
ពេលនោះជនសង្ស័យបាននិយាយថា ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក ។
ក្នុងសពេលនោះ លោក ហង្ស ថុល ស្រែកឲ្យជនសង្ស័យទម្លាក់កាំបិតចោល តែជនសង្ស័យមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់កជនរងគ្រោះ ។
ពេលនោះ ក៏មានសំឡេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិតពីជនសង្ស័យ ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ។
សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនសង្ស័យធ្វើសកម្មភាពចាក់បំពង់កជនរងគ្រោះ គឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»៕