ចាប់ជនសង្ស័យពីរនាក់ វាយបំផ្លាញរូបសំណាកស្ត្រីគ្រប់លក្ខ័ណ៍នៅភ្នំបាសិទ្ធត្រៃយត្រឹង្ស
កណ្តាល៖ មានជនអគតិ ទំនងដូចជាខ្មោចចូល បានចូលមកអុកឡុកវាយបំផ្លាញរូបសំណាក នៅក្នុងប្រាសាទមាតាគ្រប់ល័ក្ខណ៍ (ស្រីគ្រប់ល័ក្ខណ៍) នៅលើភ្នំបាសិទ្ធ ខូចខាតសឹងទាំងអស់នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។
បើតាមរបាយការណ៍នគរបាលមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈ្វាំង បានឲ្យដឹងថា មានករណីធ្វើឲ្យខូចខាតដោយចេតនា (នូវបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនា កើតហេតុនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណវត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនសង្ស័យ២នាក់ ត្រូវនគរបាលឃាត់ខ្លួន ១.ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាជនដៃដល់ ។ ២.ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកបរ)។
សម្ភារចាប់យក៖ រថយន្តម៉ាក LEXUS ពណ៌ ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ2AV.9545 សោរថយន្ត១ កូនសោ២ ទូរស័ព្ទ១គ្រឿងម៉ាក iPhone ។
ការខូចខាត ៖ ១-រូបសំណាក់ព្រះនាងគ្រប់លក្ខ័ណ៍ ១ , ២-រូបសំណាក់ព្រះនាងពៅ ១ , ៣-រូបសំណាក់កុមារពេជ្រ ១, ៤-រូបសំណាក់ព្រះអង្គចេក ១ , ៥-ព្រះក្លស្ស ៣, ៦- ផើងផ្កា ១, ៧- ពាង ២, ៨- បង្គោលសូឡា ១, ៩- គ្រឿងសក្ការៈ ដូចជាបាយសីផ្កាភ្ញីមួយចំនួន, ១០- រូបសំណាក់ព្រះនាងទេពប្រណម្យ៤, ១១- រូបសំណាកក្បាលនាគ ២, ១២- អាស្រមអ្នកតា ១, ១៣- របាដែកទ្វាព្រះវិហារ ២ ។
ប្រភពដដែលបានបញ្ជាក់ពីសភាពរឿងហេតុនេះថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជាមន្ត្រីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈ្វាំងថា៖ មានជនសង្ស័យ២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាងបានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(៤) និង ខ្ទមអ្នកតា (១ )រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ណ៍ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ណ៍ (១) រូបសំណាកព្រះនាងពៅ (១) រួបសំណាកកុមារពេជ្រ(១) រូបសំណាកព្រះអង្គចេក(១ )និងគ្រឿងសក្ការៈ ដូចជាបាយសីផ្កាភ្ញី បោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(២) ដែលនៅក្បែរប្រាសាទ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងមធ្យោបាយធ្វើដំណើររថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕