ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុគ យក្សគីលស្វាគមន៍ អ្នកប្រដាល់កាណាដា យប់ថ្ងៃទី១៦មិថុនា

261

ភ្នំពេញ:អ្នកប្រដាល់វ័យចាស់កម្ពុជាយុគ យក្សគីលក្លិបកងចក្ររាជសីហ៍បានត្រៀមខ្លួន ដើម្បីស្វាគមន៍អ្នកប្រដាល់កាណាដាហាត់ស្រុកថៃបឈ្មោះអាឡាំង(A Lain)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៦មិថុនា ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។តាមពិតយក្សគីលមិនមែនជាអ្នកប្រដាល់ដែលធ្លាប់មានឈ្មោះបោះសម្លេង ខ្លាំងនោះទេតែគេល្បីល្បាញដោយសារបងប្អូនគេ៣រូបសុទ្ធតែជាអ្នកប្រដាល់គុនខ្មែរដូចគ្នា ។

យក្សគីលមានប្រវត្តិប្រកួតចំនួន១០១ដង ឈ្នះ៧១ដង ចាញ់៣០ដង ។គេជាអ្នកប្រដាល់ដែលមាន កណ្ដាប់ដៃវ៉ៃចេញធ្ងន់ល្អតែការវ៉ៃចេញ របស់គេមិនសូវជាចំគោលដៅប៉ុន្មានឡើយ ។អ្នកប្រដាល់រូបនេះ គេមានចរឹកចូលចិត្តធ្វើឬក្សជាបន្លាចគូប្រកួតណាស់តែបើគូប្រកួតច្រាស់សងមកវិញធ្ងន់ៗនោះគេចាប់ផ្ដើមរារែកចិត្តវ៉ៃចេញ លែងរួចតែម្ដងមិនតែប៉ុណ្ណោះកម្លាំងរបស់គេ បន្ទាប់ពីឆ្លងផុត៣ទឹកគឺវេទនាជាមិនខានឡើយ ។

ចំពោះអ្នកប្រដាល់កាណាដា អាឡាំងវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។គេមានប្រវត្តិប្រកួតទើបតែ៣៣ដង ឈ្នះ២៥ដង និង ចាញ់៤ដង ។មិនមាននរណាដឹងថាអ្នកប្រដាល់រូបនេះ មានរបៀបវ៉ៃបែបណាៗនោះឡើយ។តែគេជឿថានេះជាគូប្រកួតមួយ ដែលគេដាក់មកដើម្បីឲ្យយក្សគីលមាន ឱកាសកសាងជ័យជំនះសម្រាប់ខ្លួនហើយ។បើចាញ់ទៀតឱកាសប្រកួត ជាមួយបរទេសនឹងកាន់តែលំបាកហើយសម្រាប់យក្សគីល ព្រោះគេចាញ់ស្ទើរតែគ្រប់ការប្រកួតទៅហើយ ។

សេកគឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប ដែលជាអ្នកប្រដាល់ចូលចិត្តប្រើកម្លាំង ដើម្បីបង្ក្រាបគូប្រកួតនោះត្រូវបានដាក់ឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃឈ្មោះ ផាតស្រាកែវ(Phat Srakeo)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។គឹមរូនមានប្រវត្តិប្រកួតចំនួន៧២ដង ឈ្នះ៥៩ដង ចាញ់១៣ដង ។

អ្នកប្រដាល់ថៃផាត ស្រាកែវគេទើបតែមកប្រកួត នៅស្រុកខ្មែរជាលើកដំបូងនេះទេ ។ សមត្ថភាពគេប៉ុណ្ណាៗនោះក៏មិនមាននរណាដឹងដែរ តែបើតាមការឲ្យដឹង ពីមន្ត្រី្គផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមានកម្លាំងអស្ចារ្យមិនអន់ជាងគឹមរូនឡើយមិនតែប៉ុណ្ណោះកលល្បិច របស់សំបូរបែបទៀតផង ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៥០ដង ចាញ់៩ដង ។

ជំនួបរវាងអ្នកប្រដាល់កម្ពុជាសេក គឹមរូនជាមួយអ្នកប្រដាល់ថៃផាត ស្រាកែវមិនដឹងថានរណាជួបសំណាងល្អនោះទេ ។ គឹមរូនអះអាងថាគេត្រូវតែស្ពាយជ័យជំនះត្រឡប់ទៅខេត្តសៀមរាបវិញ ឯ ផាត ស្រាកែវក៏និយាយដែរថាជ័យជំនះត្រូវតែជារបស់គេដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង