ឪពុកមា ក្មួយមានរបួសពេញខ្លួន ត្រូវបាននគរបាលឃាត់ខ្លួន
ភ្នំពេញ ៖ ក្រុមការងារព័ត៌មានប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានសូមធ្វើការបំភ្លឺជូនសារធារណជន ជុំវិញករណីហិង្សាក្នុងគ្រួសារ ជនបង្កជាឪពុកមា ត្រូវបាននគរបាលឃាត់ខ្លួន ចំណែកក្មេងប្រុសរងគ្រោះដែលជាក្មួយ មានអាយុ៣ឆ្នាំ កំពុងត្រូវបានព្យាបាល។
បើតាមរបាយការណ៍របស់នគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ករណីនេះជនបង្កជាឪពុកមា ត្រូវបាននគរបាលឃាត់ខ្លួន ចំនែកក្មេងប្រុសរងគ្រោះដែលជាក្មួយ មានអាយុ៣ឆ្នាំ កំពុងត្រូវបានព្យាបាល។ រឿងហេតុមានដូចខាងក្រោម ៖ នៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ (ឪពុកមាវាយក្មួយ) មួយកើតឡើង នៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជនរងគ្រោះឈ្មោះ ខៃ ម៉េងហ៊ាង អាយុ ៣ឆ្នាំ (ក្នុងបន្ទុក) មានឪពុកឈ្មោះយ៉យ សុខខៃ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះអុំ ចាន់បូរី អាយុ៣១ឆ្នាំ ជាកសិករ ។ ចំណែកជនសង្ស័យឈ្មោះរិន ហ៊ាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីររស់នៅភូមិ ឃុំ កើតហេតុជាមួយគ្នា ។
នគរបាលបញ្ជាក់ពីរឿងហេតុនេះថា ឪពុកម្ដាយរបស់កុមារាឈ្មោះខៃ ម៉េងហ៊ាង លែងលះគ្នាតាំងពីឆ្នាំ២០១៨ ហើយក៏បានចេញទៅរកការងារធ្វើនៅឯខេត្តផ្សេងៗគ្នា, ចំណែកឈ្មោះរិន ហ៊ា ត្រូវជាឪពុកមា ក៏បានយកកុមារា (ម៉េងហ៊ាង) មកចិញ្ចឹមនៅក្នុងបន្ទុករបស់ខ្លួន។ នៅថ្ងៃកើតហេតុខាងលើ កុមារាឈ្មោះម៉េង ហ៊ាង វាយំពុំដឹងមូលហេតុ នោមដាក់ចានបាយនិងចានសម្ល ឈ្មោះរិន ហ៊ា លួងលោមពីស្ដាប់ ក៏យកស្មាសម្រាប់ហាលខោ អាវ វាយចំនួនពីរស្មាខោអាវ បណ្ដាលឲ្យមានស្នាមជាំលើខ្លួនប្រាណ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍រដ្ឋបាល កសាងសំណុំរឿងតាមនីតិវិធី៕