ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Apple នឹងបង់ប្រាក់ចំនួន១១៣លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ពីសំណាក់រដ្ឋសរុប៣៣ នៅសហរដ្ឋអាមេរិក

125

ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបង់ប្រាក់ចំនួន១១៣លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ពីសំណាក់រដ្ឋសរុប៣៣ នៅសហរដ្ឋអាមេរិក ព្រមទាំងរដ្ឋធានីវ៉ាស៉ីនតោន ដែលថា Apple បានពន្យឺត iPhone ដោយចេតនា ដើម្បីបិទបាំងបញ្ហាថ្ម និងដើម្បីបង្ខំឲ្យអ្នកប្រើប្រាស់ទិញ iPhone ជំនាន់ថ្មីៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមពាក្យបណ្តឹងរបស់បណ្តារដ្ឋអាមេរិក ក្រុមហ៊ុន Apple កាលពីឆ្នាំ២០១៦ បានអាប់ដេត software ដោយស្ងាត់ៗនៅលើស្មាតហ្វូនម៉ូដែល iPhone 6, 7 និង SE ដើម្បីដាក់កំហិតល្បឿនធ្វើប្រតិបត្តិការនៃបន្ទះឈីបរបស់ពួកវា ក្រោមគោលបំណងបង្ការកុំឲ្យថ្មដែលចាស់ទៅ អាចធ្វើឲ្យរលត់ម៉ាស៉ីនបាន។ ទង្វើរបស់ Apple ត្រូវបានចាត់ទុកជាទង្វើលាក់លៀមមិនល្អ ហើយគួរស្នើផ្លាស់ប្តូរថ្មថ្មីឲ្យឧបករណ៍ទាំងនោះ ឬប្រកាសឲ្យគេឯងបានដំណឹងអំពីបញ្ហានោះ។

នៅឆ្នាំ២០១៧ Apple ក៏បានទទួលស្គាល់ដែរថា ការអាប់ដេត software របស់ខ្លួន បានកាត់បន្ថយតម្រូវការថាមពលរបស់ iPhone ម៉ូដែលខាងលើ ក្រោយពីការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពយឺតខុសប្រក្រតីនៅលើពួកវា។ ក្រុមហ៊ុន Apple ក៏បានចេញមុខសុំទោសជាសាធារណៈ ហើយ បញ្ចុះតម្លៃសម្រាប់ការផ្លាស់ប្តូរថ្មផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមរដ្ឋចំនួន៣៣ និងរដ្ឋធានីវ៉ាស៉ីនតោន រដ្ឋកាលីហ្វរញ៉ានឹងទទួលបានប្រាក់ចំនួន២៤.៦លានដុល្លារ, រដ្ឋតិចសាស់នឹង ទទួលបាន៧.៦លានដុល្លារ ហើយរដ្ឋអារីហ្សូណានឹងទទួលបាន៥លានដុល្លារ ខណៈរដ្ឋកាលីហ្វរញ៉ានិងរដ្ឋតិចសាស់ មានអ្នកប្រើប្រាស់ iPhone ច្រើនជាងគេ ដែលបានទទួលរងការប៉ះពាល់ពីការអាប់ដេត software របស់ Apple៕

អត្ថបទដែលជាប់ទាក់ទង