ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវបរទេសចេញ ចូលផ្សារទួលទំពូងបានថយចុះយ៉ាងគំហុកក្នុងរដូវការកូវីដ-១៩នេះ អាជ្ញាធរនៅតែបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល

99

ភ្នំពេញ៖ ផ្សារទូលទំពូងគឺជាផ្សារមួយដែលលក់គ្រឿងអនុស្សាវរីយ៍ ពិសេសវត្ថុតំណាងឱ្យជាតិខ្មែរ ហើយផ្សារមួយនេះតែងទទួលបានភ្ញៀវបរទេសច្រើនជាងគេ បើប្រៀបធៀបទៅនឹងផ្សារនានានៅក្នុងរាជធានីភ្នំពេញុ។ ប៉ុន្តែក្នុងដំណាក់កាលជម្ងឺកូវីដ១៩នេះ បានធ្វើឱ្យភ្ញៀវទេសចរណ៍បរទេសដែលចេញ ចូលផ្សារនេះថយចុះយ៉ាងគំហុក ពោលគឺភ្ញៀវចេញ ចូលមិនបាន ១០% នៃថ្ងៃធម្មតាផង។

   ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២០វិច្ឆិការនេះថា ផ្សារទួលទំពូងក្រោយពីមានព្រឹត្តិការណ៍ covid-19 បានធ្វើឲ្យភ្ញៀវទេសចរបរទេសធ្លាក់ចុះយ៉ាងខ្លាំងដោយមុនព្រឹត្តិការណ៍កូវីត១៩ ជាធម្មតាក្នុងមួយថ្ងៃផ្សារទួលទំពូងទទួលបាននូវភ្ញៀវទេសចរបរទេសចេញ ចូលផ្សារប្រមាណជា ៨០០ ទៅ ១៥០០នាក់ ។តែក្នុងដំណាក់កាលកូវីដ១៩នេះ ភ្ញៀវបរទេស ចេញ ចូលផ្សារទួលទំពូងមានប្រមាណតែ ១០០ទៅ២០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយភ្ញៀវទាំងនេះគឺជាភ្ញៀវដែលស្នាក់នៅស្រុកខ្មែរយូរមកហើយ មិនមែនជាភ្ញៀវដែលចុះពីយន្តហោះនោះទេ។

   លោកបន្តថា ការថយចុះចំនួនភ្ញៀវបរទេសនេះក៏បានធ្វើឱ្យតូបលក់ដូរវត្ថុអនុស្សាវរីយ៍ តំណាងឲ្យជាតិខ្មែរក៏ត្រូវបានបិទមួយចំនួនធំផងដែរ ពោលគឺតូបប្រមាណ១០០ហើយ ត្រូវបានបិទ ដោយសារតែមិនមានភ្ញៀវចូលទិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកចំរើន សុខលីម ក៏បានបញ្ជាក់ទៀតថា សម្រាប់តូបលក់ផ្សេងៗទៀត ក្រៅពីតូបលក់វត្ថុអនុស្សាវរីយ៍គឺនៅដំណើរការជាធម្មតា

  ពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ គណៈកម្មការផ្សារ តែងតែណែនាំសព្វផ្សាយទៅដល់អាជីវករអ្នកចេញចូលផ្សារប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសការចេញ ចូលផ្សារត្រូវលាងដៃនិងអាគុលវាស់កំដៅ ពាក់ម៉ាក់ជាដើម ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០វិច្ឆិកានេះអាជ្ញាធរខណ្ឌចំការមន និងគណៈកម្មការផ្សារនៅបន្តចុះណែនាំបងប្អូនប្រជាពលរដ្ឋឲ្យចូលរួមក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩

   លោកថេង សុថុលអភិបាលខណ្ឌចំការមន ខណៈចុះសំណេះសំណាលសួរសុខទុក្ខ និងចែកម៉ាសជូនបងប្អូនអាជីវករនៅក្នុងផ្សារទួលទំពូងនេះ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍០៣វិច្ឆិកាបានបិទបញ្ចប់ហើយ ហើយអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់នោះ ក៏បានជាសះស្បើយហើយដែរ ប៉ុន្តែទោះបីយ៉ាងណាក្តីលោកនៅតែណែនាំអោយបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការសម្អាតអនាម័យខ្លួនប្រាណនិងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩មិនបានភ្លេចយើងទេ៕

 

អត្ថបទដែលជាប់ទាក់ទង